(ភ្នំពេញ) ៖ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៦នេះថា ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យ
បណ្តាលឲ្យខ្សែផ្លូវ ស្ពាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
រងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមអ្នកនាំពាក្យលើកឡើងថា
បើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់
និងបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ទឹកបានស្រក
ខណៈភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់។
ចំពោះរដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង
ក៏បានប្រកាសថា ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ទើបតែឡើងតិចតួចនៅឡើយ ។ កាលពីថ្ងៃទី៤
ខែកក្កដា រដ្ឋបាលស្រុកសំឡូតក៏ជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត
ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់
កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ
ព្រោះស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ ។
ឯកឧត្តម ផន រឹម បញ្ជាក់បន្ថែមថា
មន្ទីរសាធារណការ
និងដឹកជញ្ជូននៅខេត្តភាគពាយ័ព្យបន្តតាមដានស្ថានភាពទឹក
និងត្រៀមខ្លួនជានិច្ចអន្តរាគមន៍
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ៕









