គេហទំព័រ ( www.k-meknewsasia.com.kh ) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

 

លោក Trump ព្រមានតៃវ៉ាន់ថា "កុំបន្តទាមទារឯករាជ្យទៀត" តើឯករាជ្យភាពនៅតែសំខាន់សម្រាប់តៃវ៉ាន់ឫទេ?

 


ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងខ្លាំងដល់តៃវ៉ាន់ចំពោះការស្វែងរកឯករាជ្យភាព។

"ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់ទាមទាឯករាជ្យទេ ហើយលោកដឹងទេថាយើងត្រូវធ្វើដំណើរ 9,500 ម៉ាយដើម្បីទៅធ្វើសង្គ្រាម ខ្ញុំមិនត្រូវការបែបនោះទេ ខ្ញុំចង់ឱ្យពួកគេស្ងប់ចិត្ត ខ្ញុំចង់ឱ្យប្រទេសចិនក៏ស្ងប់ចិត្ត"លោកត្រាំបានប្រាប់ Fox News ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រថ្ងៃទី 15 ខែឧសភា។យោបល់របស់លោក Trump គឺជាសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រធានាធិបតីអាមេរិកលើបញ្ហានេះ ហើយការអះអាងរបស់លោកថាតៃវ៉ាន់មិនចាំបាច់ប្រកាសឯករាជ្យជាផ្លូវការបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីតៃវ៉ាន់។

ហេតុអ្វីបានជាចិនចង់បានតៃវ៉ាន់?

ប្រទេសចិនចង់បាន "ការបង្រួបបង្រួម"ទឹកដីជាមួយតៃវ៉ាន់ជាយូរមកហើយ ដែលជាបំណងប្រាថ្នាដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រតាំងពីក្រោយបញ្ចប់នៃសង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ 1949។នៅពេលនោះ បក្សកុម្មុយនិស្តបានគ្រប់គ្រងប្រទេសចិន ហើយបក្សគ័រមីនតាង 國民黨Guómíndǎng ដែលចាញ់បានដកថយទៅតៃវ៉ាន់ ដោយនាំយករដ្ឋាភិបាលរបស់ខ្លួនទៅកាន់ក្រុងតៃប៉ិ ដូច្នេះហើយទើបប្រទេសចិនបានអះអាងលើអធិបតេយ្យភាពកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះចាប់តាំងពីពេលនោះមក។ ចាប់តាំងពីលោក ស៊ី ជីនពីង ឡើងកាន់អំណាច រដ្ឋាភិបាលចិនបានបង្កើនការគំរាមកំហែងយ៉ាងខ្លាំង និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយអ្វីដែលខ្លួនយល់ឃើញថាជាការបំបែកទឹកដី ដូច្នេះ "ការបង្រួបបង្រួម" រវាងតៃវ៉ាន់ និងចិនបានក្លាយជាគោលបំណងសំខាន់ ដែលប្រធានាធិបតីស៊ី ខ្លួនឯងហៅថា "ការពិតដែលមិនអាចបញ្ឈប់បាន"។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសម្ពាធក្នុងទម្រង់ផ្សេងៗ រួមទាំងសមយុទ្ធយោធាដែលជាក្បួនធ្វើការឡោមព័ទ្ធកោះតៃវ៉ាន់ និងធ្វើអោយឯកោផ្នែកការទូតរបស់តៃវ៉ាន់ ហើយគោលគំនិតនៃ "សង្គ្រាមតំបន់ប្រផេះ" (greyzone warface) សំដៅទៅលើការប្រើប្រាស់ភាពមិនច្បាស់លាស់រវាងសន្តិភាព និងជម្លោះប្រដាប់អាវុធដែលបើកចំហ ដើម្បីសម្រេចគោលដៅនយោបាយ ដោយការដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងជាប្រចាំនៅជិតដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពី2សប្តាហ៍មុន ប្រធានាធិបតី ស៊ី ជីនពីង បានប្រាប់លោក Trump ថា តៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយប្រសិនបើដោះស្រាយមិនបានល្អ អាចនាំឱ្យមានជម្លោះ។

ដោយសារតែសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់តៃវ៉ាន់ និងមានកាតព្វកិច្ចស្របច្បាប់ក្នុងការផ្តល់សមត្ថភាពការពារជាតិសម្រាប់កោះនេះ អ្នកសង្កេតការណ៍បានព្រួយបារម្ភជាយូរមកហើយថា ការវាយប្រហារលើតៃវ៉ាន់នឹងទាញសហរដ្ឋអាមេរិកចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយចិន។ប្រទេសចិនក៏បានបញ្ជាក់ជំហររបស់ខ្លួនលើតៃវ៉ាន់យ៉ាងច្បាស់នៅក្នុងច្បាប់ប្រឆាំងការបំបែកខ្លួនឆ្នាំ 2005 របស់ខ្លួន ដោយបញ្ជាក់ពីបំណងប្រាថ្នាសម្រាប់ "ការបង្រួបបង្រួមដោយសន្តិវិធី" ជាមួយកោះនេះ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ប្រឆាំងការបំបែកខ្លួន (Anti-Secession Law) ក៏បានចែងផងដែរថា ប្រសិនបើកងកម្លាំងទាមទា "ឯករាជ្យភាពតៃវ៉ាន់" បណ្តាលឱ្យមានការបំបែកទឹកដីពីប្រទេសចិន ឬធ្វើឱ្យ "ការបង្រួបបង្រួមដោយសន្តិវិធី" មិនអាចទៅរួច ប្រទេសចិនអាចប្រើ "មធ្យោបាយដោយមិនសន្តិវិធី" ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។នេះមានន័យថា ប្រទេសចិនមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកតៃវ៉ាន់ប្រសិនបើចាំបាច់ ដោយមនុស្សភាគច្រើនជឿថា ការប្រកាសឯករាជ្យជាផ្លូវការដោយរដ្ឋាភិបាលតៃវ៉ាន់នឹងបង្កឱ្យមានការតបតបែបនេះ។

តើតៃវ៉ាន់ចង់បានឯករាជ្យទេ?

តៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែពលរដ្ឋតៃវ៉ាន់ភាគច្រើន ដែលមានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំ យល់ឃើញថាខ្លួនឯងខុសពីប្រទេសចិន ដែលបានក្លាយជាប្រទេសអំណាចនិយមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។មនុស្សភាគច្រើនចង់រក្សាស្ថានភាពដើម មានន័យថាពួកគេមិនចង់ប្រកាសឯករាជ្យជាផ្លូវការទេ ប៉ុន្តែក៏មិនចង់ធ្វើសមាហរណកម្មជាមួយប្រទេសចិនដែរ។

ជំហរផ្លូវការរបស់រដ្ឋាភិបាលតៃវ៉ាន់ក្រោមគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ 2016 ក៏ឆ្លុះបញ្ចាំងពីទស្សនៈនេះដែរ។

ប្រធានាធិបតី ឡៃ ឈីងតេ និងអតីតប្រធានាធិបតី សៃ អ៊ីងវិន បានអះអាងថា តៃវ៉ាន់ចាត់ទុកខ្លួនឯងថាជាប្រទេសឯករាជ្យរួចហើយ ការប្រកាសឯករាជ្យជាផ្លូវការគឺមិនចាំបាច់ទេ។នេះជាមធ្យោបាយមួយដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់តៃវ៉ាន់ ហើយក៏ធានាថាវាមិនឆ្លងកាត់ខ្សែក្រហមរបស់ប្រទេសចិនដែរ។



ទោះបីជាពួកគេចង់ធ្វើដូច្នេះក៏ដោយ ទាំងប្រធានាធិបតី និងរដ្ឋាភិបាលតៃវ៉ាន់មិនអាចប្រកាសឯករាជ្យបានយ៉ាងងាយស្រួលនោះទេ សកម្មភាពផ្លូវការបែបនេះនឹងកើតឡើងលុះត្រាតែសភានីតិបញ្ញត្តិ (ស្ថាប័ននីតិបញ្ញត្តិដែលស្រដៀងនឹងសភា) (Legislative Yuan) បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយប្រជាជនភាគច្រើនបានបោះឆ្នោតយល់ស្របនៅក្នុងប្រជាមតិ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចិននៅតែប្រុងប្រយ័ត្នចំពោះគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលពីមុនគាំទ្រអធិបតេយ្យភាពរបស់តៃវ៉ាន់ ហើយជាពិសេសមិនពេញចិត្តលោកប្រធានាធិបតី ឡៃ ព្រោះធ្លាប់បង្ហាញជំហររឹងរូសចំពោះប្រទេសចិនមុនពេលចូលកាន់តំណែង អាជ្ញាធរចិនតែងតែរិះគន់លោក និងគណបក្សរបស់លោកថាជាពួកបំបែកទឹកដីដែល "គាំទ្រការប្រកាសឯករាជ្យ"។

ទាក់ទងនឹងការបង្កើនកំលាំងយោធារបស់តៃវ៉ាន់ អាជ្ញាធរចិនក៏បានចោទប្រកាន់រដ្ឋាភិបាលពីបក្សប្រជាធិបតេយ្យជឿនលឿនថា "ដាក់អន្ទាក់" ប្រជាជនឱ្យចូលទៅក្នុងសង្គ្រាម "ឯករាជ្យភាពតៃវ៉ាន់" ដែលលោកប្រធានាធិបតី ឡៃ និយាយថា លោកមិនចង់បានជម្លោះទេ ប៉ុន្តែគ្រាន់តែពង្រឹងការការពាររបស់កោះនេះ ខណៈដែលប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិន។

តើសហរដ្ឋអាមេរិកគាំទ្រការប្រកាសឯករាជ្យរបស់តៃវ៉ាន់ទេ?

ការអត្ថាធិប្បាយថ្មីៗរបស់លោក Trump លើតៃវ៉ាន់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ ប៉ន្តែគ្មានរដ្ឋបាលអាមេរិកណាមួយបញ្ជាក់ច្បាស់ថា តៃវ៉ាន់គួរតែឯករាជ្យនោះទេ។

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតី ស៊ី ប្រធានាធិបតី Trump បាននិយាយថា មេដឹកនាំចិន "មិនចង់បានចលនាឯករាជ្យ" នៅតៃវ៉ាន់ទេ ហើយលោកថា "ខ្ញុំស្តាប់" ប៉ុន្តែ "មិនចេញយោបល់ទេ" ជារួម សហរដ្ឋអាមេរិកព្យាយាមរក្សាតុល្យភាពដ៏ល្អិតល្អន់នេះ ពេលនិយាយពីបញ្ហាដ៏រសើបខ្លាំងរបស់តៃវ៉ាន់។

កាលពីឆ្នាំ 1979 សហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយកោះនេះ នៅពេលដែលខ្លួនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន មានន័យថាសហរដ្ឋអាមេរិកទទួលស្គាល់ជំហររបស់ប្រទេសចិនថា មានរដ្ឋាភិបាលចិនតែមួយគត់ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។តែនៅក្នុងឆ្នាំដដែលនោះ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលចែងថា សហរដ្ឋអាមេរិកអាច "ផ្គត់ផ្គង់អាវុធការពារ" ដល់តៃវ៉ាន់ ជាហេតុផលដែលខ្លួននៅតែបន្តលក់អាវុធទៅឱ្យតៃវ៉ាន់រហូតមកដល់សព្វថ្ងៃនេះ។

ច្បាប់នេះក៏បានចែងផងដែរថា សន្តិភាពក្នុងតំបន់គឺស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកនៅតែមានសមត្ថភាព "ទប់ទល់នឹងទម្រង់នៃកម្លាំង ឬការបង្ខិតបង្ខំណាមួយដែលនឹងប៉ះពាល់ដល់សន្តិសុខឬប្រព័ន្ធសង្គម និងសេដ្ឋកិច្ចរបស់តៃវ៉ាន់ ។

 ដូច្នេះ ការព្រមានថ្មីៗរបស់លោក Trump អំពីតៃវ៉ាន់បានធ្វើឱ្យអ្នកសង្កេតការណ៍មួយចំនួនភ្ញាក់ផ្អើល ដែលយល់ឃើញថា នេះជាសញ្ញាដែលអាចកើតមាននៃការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកទាក់ទងចំពោះកាតព្វកិច្ចរបស់ខ្លួនលើកោះនេះ ហើយបានបង្ហាញថា ប្រធានាធិបតី ស៊ី  មានឥទ្ធិពលលើលើប្រធានាធិបតីអាមេរិក។

លោក Ryan Hass អ្នកវិភាគនៅវិទ្យាស្ថាន Brookings ដែលជាស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បាននិយាយថា លោក Trump បាន «បង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា» ពីព្រោះ «ការយល់ចិត្តយល់ថ្លើមរបស់គាត់បានបង្ហាញយ៉ាងច្បាស់ចំពោះក្របខ័ណ្ឌនៃគំនិតអំពីតៃវ៉ាន់របស់លោកស៊ី ជាការលើកទឹកចិត្តអាជ្ញាធរចិនឱ្យបង្កើនដាក់សម្ពាធលើតៃវ៉ាន់»

 ពេលនិយាយគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ លោក Trump បានបញ្ជាក់ជាថ្មីថា «គ្មានអ្វីផ្លាស់ប្តូរទេ» ហើយបន្តបង្ហាញពីបំណងប្រាថ្នាចង់និយាយដោយផ្ទាល់ជាមួយប្រធានាធិបតីឡៃ ដែលនឹងធ្វើឱ្យអាជ្ញាធរចិនមិនពេញចិត្តយ៉ាងខ្លាំង ដូចករណីនៃការសន្ទនារបស់គាត់ពីមុនជាមួយប្រធានាធិបតីតៃវ៉ាន់ដែរ។

 មានច្រើនភាគីកំពុងតាមដានមើលថាតើសហរដ្ឋអាមេរិកនឹងធ្វើអ្វីខ្លះបន្ទាប់ តើនឹងមានការផ្លាស់ប្តូរគោលនយោបាយណាមួយដែរឬទេ  ដូចជាតើលោក Trump នឹងអនុម័តកញ្ចប់អាវុធចំនួន  14,000 លានដុល្លារសម្រាប់តៃវ៉ាន់ដែរឬទេ បន្ទាប់ពីទើបតែប្រកាសលក់អាវុធចំនួន 11,000 លានដុល្លារកាលពីខែធ្នូកន្លងមក។

បន្ទាប់ពីកិច្ចប្រជុំជាមួយចិន លោក Trump មិនទាន់បានផ្តល់ជំហរច្បាស់លាស់លើការអនុម័តចុងក្រោយនៃកញ្ចប់នោះទេ ដោយបានប្រាប់ Fox News ថា «អាស្រ័យលើប្រទេសចិន» ហើយបន្ថែមថា «និយាយឱ្យត្រង់ទៅ វាជាឧបករណ៍ចរចាដ៏ល្អសម្រាប់យើង» ក្រោយមកលោកបានប្រាប់អ្នកយកព័ត៌មានថា លោកនឹង «ធ្វើការសម្រេចចិត្តក្នុងរយៈពេលដ៏ខ្លី»

ទោះបីជាត្រូវបានចងភ្ជាប់ដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ក៏ដោយ ក៏មូលដ្ឋានគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាប្រធានាធិបតីមុនៗបានលើកឡើងពីបញ្ហានេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេក៏ដោយ។អតីតប្រធានាធិបតី ចូ បៃដិន បាននិយាយពីរដងថា សហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើត្រូវបានវាយប្រហារដោយប្រទេសចិន ដែលហាក់ដូចជាហួសពីគោលនយោបាយ "ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ" របស់សហរដ្ឋអាមេរិក - គោលនយោបាយមួយដែលមិនបានធ្វើការប្តេជ្ញាចិត្តក្នុងការការពារតៃវ៉ាន់ ប៉ុន្តែក៏មិនបានច្រានចោលជម្រើសនោះដែរ។

ទោះជាយ៉ាងណាក៏ដោយ រាល់លើក រដ្ឋបាលរបស់លោកត្រាំតែងតែចេញមកបញ្ជាក់នៅពេលក្រោយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក...ចំពោះតៃវ៉ាន់នៅតែមិនផ្លាស់ប្តូរ។

ដោយ ៖ សេនាមេឃ

Post a Comment (0)
Previous Post Next Post

Social

Nature