ការស្វែងយល់ពីទំនាក់ទំនងចិន-រុស្ស៊ី៖
តើកត្តាអ្វីខ្លះដែលជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីររឹងមាំ?
ក្នុងពេលដែលប្រធានាធិបតីចិន
ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានដើរលេងកាត់ទីលានធានអាន់មិន ក្នុងទីក្រុងប៉េកាំង
កាលពីខែកញ្ញា ឆ្នាំមុន មេដឹកនាំទាំងពីរហាក់ដូចជាបានពិភាក្សាអំពីលទ្ធភាពនៃការប្តូរសរីរាង្គដើម្បីពន្យារអាយុជីវិតមនុស្ស។
អ្នកបកប្រែរបស់ប្រធានាធិបតី
ពូទីន បានរាយការណ៍ថា "សរីរាង្គមនុស្សអាចត្រូវបានជំនួសជាបន្តបន្ទាប់ សរីរាង្គមនុស្សមានអាយុកាន់តែវែង
សរីរាង្គកាន់តែក្មេង ហើយប្រហែលអាចជាអមតៈទៀតផង"។
អ្នកបកប្រែរបស់ ស៊ី ជីនពីង
បានឆ្លើយតបថា "វាត្រូវបានគេព្យាករណ៍ថា ក្នុងរយៈពេលសតវត្សរ៍នេះ មនុស្សអាចរស់នៅបានដល់អាយុ
150 ឆ្នាំ"។
នេះគឺជាការសន្ទនាដែលសាកសមនឹងមេដឹកនាំដ៏មានឥទ្ធិពលពីររូប
ដែលធ្លាប់ហៅគ្នាទៅវិញទៅមកថាជា "មិត្តល្អបំផុត" ហើយទោះបីជាពួកគេកាន់អំណាចរួមគ្នារយៈពេល
39 ឆ្នាំក៏ដោយ ក៏មិនមានសញ្ញាណាមួយបង្ហាញថាពួកគេទាំងពីរនឹងចុះចេញពីតំណែងដែរ។
ការសន្ទនានេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏កម្រ
និងជារឿយៗមានការយល់ច្រឡំ ការសន្ទនាខ្លីៗ និងមិនបានគ្រោងទុកនោះបានបង្ហាញពីរូបភាពនៃទំនាក់ទំនងដែលត្រូវបានរក្សាការសម្ងាត់ខ្ពស់។
ហើយដែលប្រធានាធិបតី
ពូទីន បានទៅកាន់ទីក្រុងប៉េកាំងម្តងនេះ ដើម្បីប្រារព្ធខួបលើកទី 25 នៃសន្ធិសញ្ញានៃភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរុស្ស៊ី
និងចិន (Treaty of Good-Neighbourliness and
Friendly Cooperation between Russia and China.)។
នៅពេលដែលប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ បានទៅជួបប្រធានាធិបតី ស៊ី ជីនពីង លោកបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ រួមទាំងពិធីជប់លៀងដ៏ប្រណីតសម្ភារៈលើតុពណ៌មាស
និងមានដំណើរទស្សនកិច្ចទៅប្រាសាទបុរាណ។ តែដំណើរទស្សនកិច្ចរបស់លោក ពូទីន លើកនេះហាក់ដូចជាសាមញ្ញជាង
និងមានព័ត៌មានតិចតួចណាស់ដែលត្រូវបានចេញផ្សាយជាមុន។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីម្នាក់បាននិយាយថា
រុស្ស៊ីសង្ឃឹមថានឹងបានឮដោយផ្ទាល់អំពីកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង មានរបាយការណ៍ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅ វិមាន
ចុងណានហៃZhongnanhai ដែលជាកន្លែងមួយជាធម្មតាបិទសម្រាប់អ្នកទស្សនាបរទេស
លោក ស៊ី ជីនពីង បានលើកឡើងពីមិត្តជិតស្និទ្ធរបស់លោក គឺលោក ពូទីន ទៅកាន់លោក ត្រាំ ដោយនិយាយលេងសើចថា
លោក ពូទីន ធ្លាប់បានទៅទស្សនាមជ្ឈមណ្ឌលនយោបាយកណ្តាលនៃទីក្រុងប៉េកាំងនេះពីមុនមក។
ទោះបីមានអ្នកខ្លះនៅក្នុងរដ្ឋាភិបាលអាមេរិកសង្ឃឹមថា
លោក ត្រាំ អាចជួយកាត់បន្ថយទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលចិន និងរុស្ស៊ី តែក្តីសង្ឃឹមបែបនេះហាក់ដូចជាមានសុទិដ្ឋិនិយមពេកហើយ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
ចិន និងរុស្ស៊ីបានពិពណ៌នាអំពីទំនាក់ទំនងរបស់ពួកគេថាជា "មិត្តភាពគ្មានព្រំដែន"
ទោះជាយ៉ាងណាក៏ដោយ តើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ និងភាពយូរអង្វែងនេះបានយូរប៉ុនណា
នេះនៅតែជាសំណួរគួរតាមដាន។
ក្រោមលក្ខខណ្ឌរបស់ចិន
អ្នកវិភាគចង្អុលបង្ហាញថា
ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមិនមានតុល្យភាពច្បាស់លាស់ ហើយកិច្ចព្រមព្រៀងនីមួយៗដែលសម្រេចបានជារឿយៗត្រូវស្ថិតនៅក្រោមលក្ខខណ្ឌរបស់ចិន។
លោក Alexander Gabuyev នាយកមជ្ឈមណ្ឌល Carnegie Russia Eurasia បានសង្កត់ធ្ងន់ថា "រុស្ស៊ីស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនទាំងស្រុង
ហើយចិនអាចកំណត់លក្ខខណ្ឌបាន"។
សក្ដានុពលនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិស័យជាច្រើន
ជាពិសេសវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី តែសម្រាប់ប្រទេសចិន
ពាណិជ្ជកម្មអន្តរជាតិជាមួយរុស្ស៊ីមានចំនួនត្រឹមតែ 4% ប៉ុណ្ណោះ។ ប្រទេសចិននាំទំនិញចេញទៅកាន់រុស្ស៊ីច្រើនជាងប្រទេសដទៃទៀត
ហើយសេដ្ឋកិច្ចរបស់ខ្លួនមានទំហំធំជាងសេដ្ឋកិច្ចរបស់រុស្ស៊ីយ៉ាងខ្លាំង។
ទណ្ឌកម្មរបស់លោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំបានជំរុញឱ្យរដ្ឋាភិបាលរុស្ស៊ីពឹងផ្អែកកាន់តែខ្លាំងលើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង
ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei
ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក
ហើយបន្ទាប់មកត្រូវបានដកចេញពីបណ្តាញ 5G របស់ចក្រភពអង់គ្លេសដោយរដ្ឋាភិបាលអង់គ្លេស
កំពុងប្រឈមមុខនឹងផលវិបាក ពីការទាញយកអត្ថប្រយោជន៍ពីការដកក្រុមហ៊ុនលោកខាងលិចចេញពីរុស្ស៊ី
ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់មួយនៅក្នុងឧស្សាហកម្មទូរគមនាគមន៍របស់រុស្ស៊ី។
នៅពេលដែលទំនាក់ទំនងជាមួយលោកខាងលិចកាន់តែបែកបាក់
ប្រទេសចិនបានក្លាយជាប្រភពជំនាញចម្បងរបស់រុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ
និងឧស្សាហកម្ម។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅឆ្នាំ
2022 ទីក្រុងមូស្គូបានពឹងផ្អែកកាន់តែខ្លាំងឡើងលើគ្រឿងបន្លាស់របស់ចិនសម្រាប់គ្រឿងចក្រសង្គ្រាមរបស់ខ្លួន។
របាយការណ៍ថ្មីៗមួយរបស់ Bloomberg បង្ហាញថា រុស្ស៊ីនាំចូលបច្ចេកវិទ្យាជាង 90% ពីប្រទេសចិន ដែលកើនឡើង 10% បើធៀបនឹងឆ្នាំមុន។
រុស្ស៊ីដឹងច្បាស់អំពីហានិភ័យដែលបង្កឡើងដោយទំនាក់ទំនងមិនមានតុល្យភាពនេះ
នៅក្នុងអត្ថបទថ្មីៗមួយរបស់ Dmitry
Trenin ប្រធានក្រុមប្រឹក្សារុស្ស៊ីទទួលបន្ទុកកិច្ចការអន្តរជាតិ
ដែលមានចំណងជើងថា "We bow to no one" "យើងមិនឱនក្បាលចំពោះអ្នកណាឡើយ"
បញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមិនព្រមជារដ្ឋចំណុះឡើយ។ពេលនិយាយពីប្រទេសចិន លោកបានថ្លែងថា
"មានសារៈសំខាន់ខ្លាំងណាស់ដែលយើងរក្សាទំនាក់ទំនងដោយស្មើភាពគ្នា និងទទួលស្គាល់ថាប្រទេសរុស្ស៊ីគឺជាមហាអំណាចមួយដែលមិនអាចក្លាយជាដៃគូក្រោមបង្គាប់បាន"។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តជាក់ស្តែង
ក្រៅពីប្រទេសចិន ប្រទេសរុស្ស៊ីជម្រើសមានកំណត់ ដោយសារប្រទេសចិនគឺជាអ្នកទិញដែលមានទាំងទំហំនៃតម្រូវការ
និងទីផ្សាររបស់ខ្លួន គឺមានសារៈសំខាន់ចំពោះការរស់រានមានជីវិតរបស់ប្រទេសរុស្ស៊ី ក្នុងចំណោមទំនាក់ទំនងដែលបែកបាក់ជាមួយលោកខាងលិច
ប្រសិនបើប្រទេសចិនកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី នឹងធ្វើឱ្យស្មុគស្មាញដល់គោលដៅគោលនយោបាយការបរទេសរបស់ប្រទេសរុស្ស៊ីបន្ថែមទៀត។
ប៉ុន្តែគុណសម្បត្តិសំខាន់មួយរបស់ទីក្រុងមូស្គូ
រួមទាំងយន្តការដើម្បីការពារពីការធ្លាក់ក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំង គឺសមត្ថភាពក្នុងការឈរជើងរបស់ខ្លួន។
លោក Marshin Kuzmarsky សាស្ត្រាចារ្យផ្នែកសិក្សាសន្តិសុខនៅសាកលវិទ្យាល័យ Glasgow បានថ្លែងថា ប្រទេសចិនដឹងយ៉ាងច្បាស់ពីភាពមិនស្មើគ្នានៅក្នុងទំនាក់ទំនងបច្ចុប្បន្ន
ហើយមិនចង់បង្កឱ្យមានប្រតិកម្មតបវិញនៅក្នុងប្រទេសរុស្ស៊ីនិងក្នុងចំណោមឥស្សរជនជាន់ខ្ពស់។
លោកមានប្រសាសន៍ថា
"ខ្ញុំគិតថាគោលនយោបាយរបស់ប្រទេសចិនចំពោះប្រទេសរុស្ស៊ី និយាយឱ្យខ្លីគឺការអត់ធ្មត់"
"ប្រទេសចិនមិនបានដាក់សម្ពាធលើប្រទេសរុស្ស៊ីទេ"។
"នោះអាចមិនមែនជាការឈ្លាសវៃទេ
ទោះបីជាប្រទេសរុស្ស៊ីជាដៃគូក្រោមបង្គាប់ក៏ដោយ តែក៏ជាដៃគូក្រោមបង្គាប់ដ៏មានមោទនភាព"។
លោក Gabuyev មកពីក្រុមអ្នកគិត Carnegie
បាននិយាយថា... ទោះបីជាប្រទេសចិនកំពុងព្យាយាមដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យគោរពតាមក៏ដោយ
ក៏ប្រទេសរុស្ស៊ី "មិនមែនជាប្រទេសដែលទទួលយកដោយងាយនោះទេ"។
លោកបានលើកឡើងកាលពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី
Xi Jinping ទៅកាន់ទីក្រុងមូស្គូក្នុងឆ្នាំ 2023 ដែលមេដឹកនាំចិនត្រូវបានគេរាយការណ៍ថាបានស្នើសុំឱ្យលោក
Putin កុំប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ តែប៉ុន្មានថ្ងៃក្រោយមក
ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួននឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស។ សក្មភាពនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ
និងបញ្ជាក់ជាថ្មីអំពីឯករាជ្យភាពរបស់ខ្លួន។
សម្រាប់ប្រទេសចិន សង្គ្រាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ
រុស្ស៊ីកាន់តែអាចក្លាយជាបន្ទុកនៅក្នុងវិស័យជាច្រើន តែក្នុងពេលជាមួយគ្នានេះ រុស្ស៊ីគឺជាធនធានដ៏សំខាន់មួយដែលប្រទេសចិនពិចារណាពីលទ្ធភាពនៃការឈ្លានពានតៃវ៉ាន់។
លោក Gabuyev បាននិយាយថា "រុស្ស៊ីមានគុណសម្បត្តិជាច្រើន
រួមទាំងបច្ចេកវិទ្យាយោធាមួយចំនួន ដូចជាឧបករណ៍ឯកទេសដែលនៅតែអាចលក់បាន ក៏ដូចជាការធ្វើតេស្តឧបករណ៍
ឬគ្រឿងបន្លាស់របស់ចិន"។
លើសពីនេះ រុស្ស៊ីមានធនធានថាមពលដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីខែឧសភាកន្លងទៅ លោក Putin
បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង
និងឧស្ម័នរវាងភាគីទាំងពីរកំពុងខិតជិតដល់ជំហាន "សំខាន់បំផុត" មួយទៀត។
លោកពូទីនប្រហែលជាសំដៅទៅលើគម្រោងបំពង់បង្ហូរឧស្ម័ន
"Power of Siberia 2" ដែលត្រូវបានរាយការណ៍ថា...
ក្រុមហ៊ុនឧស្ម័នយក្សរបស់រុស្ស៊ី Gazprom និងសាជីវកម្មប្រេងកាតជាតិចិន (China National Petroleum Corporation)បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយបន្ទាប់ពីការចរចាអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
ប្រសិនបើគម្រោងនេះកើតឡើងមែន
វានឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលឱ្យមានការបញ្ជូនឧស្ម័នរហូតដល់ 50,000លានម៉ែត្រគូបពីរុស្ស៊ីទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសម៉ុងហ្គោលី។
សម្រាប់ប្រទេសចិន ក្នុងចំណោមវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងច្រកសមុទ្រ
Hormuz ការហ៊ានសម្រេចចិត្តលើថាមពលរបស់រុស្ស៊ីហាក់ដូចជាទទួលបានផ្លែផ្កា
នេះមិនត្រឹមតែពីតម្លៃប៉ុណ្ណោះទេ ប៉ុន្តែគឺការធានាសន្តិសុខថាមពលក្នុងប្រទេសនាពេលអនាគតរបស់ចិននៅក្នុងពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើងផងដែរ។
មិនមែនជាសម្ព័ន្ធមិត្តទេ
ប៉ុន្តែជាដៃគូ
នៅពេលណាដែលចិន និងរុស្ស៊ីហាក់ដូចជាមិនចុះសម្រុងគ្នា
ការពិតជាមូលដ្ឋានមួយនៃទំនាក់ទំនងរបស់ពួកគេក្លាយនឹងច្បាស់លាស់៖ គ្មានភាគីណាមួយមានកាតព្វកិច្ចធ្វើតាមភាគីម្ខាងទៀតទេ
ព្រោះទំនាក់ទំនងរបស់ពួកគេមិនមែនជាសម្ព័ន្ធភាពផ្លូវការនោះទេ។
លោក Bobo Lo អតីតអនុប្រធានស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងមូស្គូ បានថ្លែងថា
ភាពបត់បែនជាយុទ្ធសាស្ត្រនេះគឺជាអ្វីដែលធ្វើឱ្យភាពជាដៃគូបែបនេះកាន់តែរឹងមាំ និងមាននិរន្តរភាពជាងសម្ព័ន្ធភាពយោធា។«នេះមិនមែនជាសម្ព័ន្ធមិត្តទេ
ប៉ុន្តែជាភាពជាដៃគូយុទ្ធសាស្ត្រដែលអាចបត់បែនបាន» លោកបានមានប្រសាសន៍ថាទោះបីជាមានការព្យាករណ៍ម្តងហើយម្តងទៀតអំពីការដួលរលំក៏ដោយ
វានៅតែជាសម្ព័ន្ធភាពដ៏រឹងមាំមួយនេះនៅតែបន្ត។
អ្នកវិភាគលោកខាងលិចច្រើនតែមើលឃើញទំនាក់ទំនងចិន-រុស្ស៊ីតាមវិធីពីរយ៉ាង៖
ទាំងជា «អ័ក្សនៃអំណាចផ្តាច់ការ» (axis of authoritarianism) ដែលរួបរួមគ្នាដោយបំណងប្រាថ្នាចង់យកលោកខាងលិច ឬជាទំនាក់ទំនងបងប្អូនដែលផុយស្រួយជានិច្ចនៅលើជ្រុងនៃការដួលរលំ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនៈទាំងពីរមិនពន្យល់យ៉ាងពេញលេញថាហេតុអ្វីបានជាទំនាក់ទំនងនេះកាន់តែមិនអាចខ្វះបាន
រវាងប្រទេសទាំងពីរ ទោះបីជាមានភាពមិនស្មើគ្នា និងភាពខុសគ្នាក៏ដោយ ដោយចែករំលែកផលប្រយោជន៍រួមដ៏សំខាន់។
លោក Bobo Lo បានបញ្ជាក់ថា ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងចំពោះលោកខាងលិចនាពេលអនាគតក៏ដោយ
ភាគីទាំងពីរនៅតែមានហេតុផលជាច្រើនដើម្បីរក្សាកិច្ចសហប្រតិបត្តិការ។
កត្តាសំខាន់មួយគឺព្រំដែនរួមរបស់ពួកគេដែលមានប្រវែងជាង
4,300 គីឡូម៉ែត្រ ដែលជាតំបន់មួយដែលធ្លាប់ជាប្រភពនៃអស្ថិរភាព
លើសពីនេះ ប្រទេសទាំងពីរមានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញបន្ថែមគ្នា ដោយរុស្ស៊ីជាអ្នកនាំចេញប្រេង
ឧស្ម័ន និងវត្ថុធាតុដើមដ៏សំខាន់ ខណៈដែលសេដ្ឋកិច្ចឧស្សាហកម្មរបស់ប្រទេសចិនផ្តល់ទីផ្សារដ៏ធំមួយសម្រាប់ធនធានទាំងនេះ
ជំហររួមរបស់ពួកគេប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏មិនអាចប្រកែកបានដែរ។
មិនដូចប្រទេសលោកខាងលិចដែលតែងតែប្រើវិធានការដាក់ទណ្ឌកម្ម
និងដាក់ទោសដោយផ្អែកលើភាពខុសគ្នា ដូចជាបញ្ហាសិទ្ធិមនុស្ស តែរុស្ស៊ី និងចិនជៀសវាងការវិនិច្ឆ័យសកម្មភាពគ្នាទៅវិញទៅមក
ទោះបីជាមានការចោទប្រកាន់ម្តងហើយម្តងទៀតអំពីការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយនៅក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន
ដែលប្រទេសចិនបដិសេធ និងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny ដែលធ្វើឱ្យប្រទេសលោកខាងលិចជាច្រើនមានការប្រុងប្រយ័ត្នជាងមុន
តែទីក្រុងមូស្គូ និងទីក្រុងប៉េកាំងមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះទេ។
លោក Gabuyev បាននិយាយថា "ភាគីទាំងពីរមិនរិះគន់គ្នាទៅវិញទៅមកលើបញ្ហាស៊ីនជាំង
ករណីប្រើថ្នាំពុល Navalny ឬបញ្ហាផ្សេងទៀតទេ" "ពួកគេក៏មានជំហរស្រដៀងគ្នាលើបញ្ហាជាច្រើនដែលទាក់ទងនឹងកិច្ចការជាតិរៀងៗខ្លួននៅអង្គការសហប្រជាជាតិ...
នេះបង្កើតឱ្យមានការពឹងពាក់គ្នាទៅវិញទៅមកដោយធម្មជាតិ"។
លោក Gabuyev បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានឫសគល់នៅក្នុងប្រពៃណីយូរអង្វែងនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី
"និន្នាការនៃទំនាក់ទំនងនេះឆ្ពោះទៅរកគំរូជាក់ស្តែងជាងមុន... ដូចជា បើត្រលប់ទៅសម័យសូវៀតវិញ
ពី Andropov, Chernenko, Gorbachev ដល់ Yeltsin" "ហើយខ្ញុំគិតថាភាគីចិនក៏ស្រដៀងគ្នាដែរ"។
ចំពោះសំណួរថាតើទំនាក់ទំនងជិតស្និទ្ធនេះនឹងមានរយៈពេលយូរប៉ុនណា?
អ្នកវិភាគចិនម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ការបង្ហាញជាសាធារណៈអំពីទំនាក់ទំនងចិន-រុស្ស៊ីមិនអាចបំបែកបាន
គឺជាផ្នែកមួយ "ការបង្ហាញអោយឃើញ" ដើម្បីឆ្លុះបញ្ចាំងពីឯកភាព និងស្ថិរភាព។តាមពិតទៅនេះគឺជាឧបករណ៍នយោបាយដ៏មានប្រយោជន៍មួយដើម្បីបិទបាំងភាពខុសគ្នាដែលអាចកើតមាននៅក្នុងផលប្រយោជន៍កើតឡើងម្តងម្កាល។
ទោះបីជារដ្ឋាភិបាលទាំងពីរប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជា "ភាពនាំមុខអំណាចលោកខាងលិច"
ក៏ដោយ វិធីសាស្រ្តទប់ទល់បញ្ហារបស់ពួកគេអាចខុសគ្នា។
អ្នកវិភាគរូបនេះថា រុស្ស៊ីចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកដែលឯករាជ្យទាំងស្រុងពីសហរដ្ឋអាមេរិក
ក្នុងពេលដែលចិននៅតែមានការប្រុងប្រយ័ត្ន ទីក្រុងប៉េកាំងជាធម្មតាជៀសវាងការសម្រេចចិត្តដោយប្រញាប់ប្រញាល់
ហើយផ្តល់អាទិភាពដល់ការអត់ធ្មត់ និងវឌ្ឍនភាពបន្តិចម្តងៗ ដើម្បីសម្រេចបានលទ្ធផលរយៈពេលវែង។
លោកបានលើកឡើងពីប្រតិកម្មរបស់ប្រទេសចិនចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ដោយកត់សម្គាល់ថាទីក្រុងប៉េកាំងបានឆ្លើយតបដោយប្រុងប្រយ័ត្ន
ហើយមិនបានលុបចោលការរៀបចំដំណើរទស្សនកិច្ចរបស់លោក Trump
នោះទេ "នេះបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការមិនញុះញង់
និងមិនបិទបណ្តាញទំនាក់ទំនង" ដោយបន្ថែមថាប្រទេសចិននៅតែរក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន
និងជៀសវាងការញុះញង់ដែលមិនចាំបាច់ ជាវិធីសាស្រ្តខុសគ្នាយ៉ាងច្បាស់ពីប្រទេសរុស្ស៊ី។
អំពីប្រជាជន
ភាពជាដៃគូនេះត្រូវបានវិភាគជាញឹកញាប់តាមរយៈទស្សនៈភូមិសាស្ត្រនយោបាយ
និងសន្តិសុខ ប៉ុន្តែកត្តាសំខាន់មួយទៀតគឺជម្រៅនៃទំនាក់ទំនងរវាងប្រជាជនទាំងពីរសង្គម។
នៅកម្រិតភាពជាអ្នកដឹកនាំ
ប្រធានាធិបតីពូទីន និងប្រធានាធិបតីស៊ី ជីនពីង បានខិតខំបង្ហាញពីទំនាក់ទំនងជិតស្និទ្ធដែលមិនអាចប្រៀបផ្ទឹមបាន
នេះគឺជាដំណើរទស្សនកិច្ចលើកទី 25 របស់លោកពូទីនទៅកាន់ប្រទេសចិន ហើយមន្ត្រីរុស្ស៊ីមានទំនោរសម្ព័ន្ធភាពរបស់ពួកជាមួយគូចរចាចិនជាងមន្ត្រីមកពីប្រទេសដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ ភាពជិតស្និទ្ធនៅកម្រិតលោក
Charles Parton អតីតអ្នកការទូតអង់គ្លេសប្រចាំប្រទេសចិន
មើលឃើញពីចំណងវប្បធម៌ធម្មជាតិរវាងប្រជាជនសាមញ្ញប្រទេសចិន និងរុស្ស៊ីដោយមានការសង្ស័យថា៖
«តើប្រជាជនចិនចង់សិក្សានៅទីក្រុងមូស្គូ
តាំងទីលំនៅនៅទីក្រុងមូស្គូ ឬទិញអាផាតមិននៅទីក្រុងមូស្គូទេ? ទេ» លោកថាប្រសិនបើមានជម្រើស ជនជាតិរុស្ស៊ីចង់វិនិយោគនៅបស្ចិមប្រទេស
ជ្រើសរើសអចលនទ្រព្យនៅទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ឬទីក្រុងស៊ីប Cyprus ជាជាងនៅទីក្រុងប៉េកាំង។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនោះទេ
លោក Gabuyev អះអាងថា សម្ព័ន្ធភាពរវាងប្រជាជននៃប្រទេសទាំងពីរកំពុងពង្រីកយ៉ាងឆាប់រហ័ស
ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច និងគោលនយោបាយទិដ្ឋាការអឺរ៉ុបកាន់តែតឹងរ៉ឹង ជនជាតិរុស្ស៊ីកំពុងងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើង។
បច្ចុប្បន្នការធ្វើដំណើរទៅកាន់ប្រទេសចិនកាន់តែងាយស្រួលសម្រាប់ជនជាតិរុស្ស៊ីក្រោមកិច្ចព្រមព្រៀងមិនគិតថ្លៃទិដ្ឋាការ
ដែលអនុញ្ញាតឱ្យមានជើងហោះហើរប្រចាំថ្ងៃជាច្រើនពីទីក្រុងមូស្គូទៅកាន់ទីក្រុងធំៗរបស់ចិនក្នុងរយៈពេលតែប៉ុន្មានម៉ោង។
ជនជាតិរុស្ស៊ីក៏កំពុងប្រើប្រាស់ទូរស័ព្ទ
និងរថយន្តដែលផលិតនៅប្រទេសចិនកាន់តែច្រើនឡើងជាពិសេសបន្ទាប់ពីទីក្រុងមូស្គូប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច។
លោក Gabuyev បាននិយាយថា «ការពង្រឹងចំណងមិត្តភាព ការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ
និងភាពងាយស្រួលនៃការទូទាត់ប្រាក់ និងរបៀបរស់នៅនាំឱ្យប្រជាជនចិនកាន់តែជិតស្និទ្ធជាងពេលមុនៗ»
«ហើយកម្មវិធីផ្លាស់ប្តូរផ្សេងៗ អាហារូបករណ៍ និងគម្រោងស្រាវជ្រាវរួមគ្នាកំពុងធ្វើឱ្យកាន់តែជិតស្និទ្ធរវាងសង្គមនៃប្រទេសទាំងពីរ»។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ
និងទីក្រុងប៉េកាំងទំនងជានឹងជួបប្រទះនឹងភាពមិនស្មើគ្នានៃអំណាចកាន់តែខ្លាំងឡើង និងឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរយៈពេលវែង
ប៉ុន្តែយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ការព្យាករណ៍អំពីការដួលរលំនៃកិច្ចសហប្រតិបត្តិការនេះហាក់ដូចជាមិនប្រាកដនិយមឡើយ។
ទោះបីជាមានភាពខុសគ្នាខ្លះរវាងភាគីទាំងពីរក៏ដោយ
លោក Bobo Lo បានថ្លែងថា "ភាពជាដៃគូរវាងប្រទេសចិន និងរុស្ស៊ីនៅតែរឹងមាំ
ភាគីទាំងពីរទទួលស្គាល់ថាទំនាក់ទំនងនេះមានសារៈសំខាន់មិនអាចឱ្យបរាជ័យបានទេ ជាពិសេសដោយសារតែគ្មានជម្រើសសមស្របណាមួយមកជំនួសសម្រាប់កិច្ចសហប្រតិបត្តិការដែលកំពុងបន្តនេះ"។
ដោយ ៖ សេនាមេឃ