ទស្សនាវីដេអូ ៖ https://youtu.be/ku5IrVQruM0
តុលាការកំពូល ជាសុបិន្តអាក្រក់របស់របបដឹកនាំពណ៌ខៀវ(បក្សភូមចៃថៃ)ក្នុងសង្គមនយោបាយថៃ
មានស្ថាប័នតិចណាស់ដែលអ្នកនយោបាយភ័យខ្លាច មិនមែនជាសំឡេងរបស់ប្រជាជន មិនមែនប្រព័ន្ធផ្សព្វផ្សាយ
និងមិនមែនគូប្រជែងនយោបាយឡើយ នោះគឺតុលាការកំពូល ជាពិសេសតុលាការកំពូលផ្នែករឿងក្តីរៀបចំការបោះឆ្នោត
ពីព្រោះនៅពេលដែលសំណុំរឿងឈានដល់ចំណុចនោះហើយ ពាក្យថ្លែងការណ៏នៅក្នុងសន្និសីទសារព័ត៌មានប្រើមិនបានឡើយ
ហើយរូបភាពអង្គុយទទួលអាហារជាមួយគ្នាក៏គ្មានប្រយោជន៍ដែរ ចំណែកការប្រៀបធៀបខ្លួនទៅនឹងតួឯកក្នុងរឿងភាគក៏មិនអាចយកជាការបានដែរ។
នៅចុងខែសីហា ឆ្នាំ២០២៦ របបដឹកនាំដោយបក្សភូមចៃថៃដែលគេហៅពណ៌ខៀវកំពុងឈរនៅចំណុចនេះតែម្តង
សំណុំរឿងឃុបឃិតគ្នាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ មិនមែនគ្រាន់តែជាពាក្យចចាមអារ៉ាមទៀតឡើយ
ឯកសារសំណុំរឿងដែលចងក្រងដោយគណៈកម្មាធិការស៊ើបអង្កេតកណ្តាលក្រុមទី២៦ មានកម្រាស់រាប់ម៉ឺនទំព័រ
មានបញ្ជីឈ្មោះជនជាប់ចោទចំនួន២២៩នាក់ ចែកជាសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន១៣៨នាក់
និងក្រុមអ្នកនយោបាយមួយក្រុម រួមទាំងគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភូមចៃថៃ និងបណ្តាញចំនួន៩១នាក់
- ចំនួនតួលេខនេះមិនមែនប្រឌិតឡើងដោយគណបក្សប្រឆាំងទេ ប៉ុន្តែជាលទ្ធផលនៃការស៊ើបអង្កេតរួមគ្នារវាងគណៈកម្មការរៀបចំការបោះឆ្នោត
និងនាយកដ្ឋានស៊ើបអង្កេតពិសេសហៅDSI ដែលនោះបញ្ហាគឺបន្ទាប់ពីសំណុំរឿងនេះត្រូវបានបញ្ជូនបន្តទៅអនុគណៈកម្មាធិការក្រុមទី៣៦
ស្រាប់តែមានការបោះឆ្នោតភាគច្រើន ៥ទល់នឹង២ សម្រេចថាជនជាប់ចោទទាំង ២២៩ នាក់គ្មានទោស នោះជាភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងគណៈកម្មាធិការទាំង២នេះ
ហើយក៏បានបង្កើតសំណួរភ្លាមៗអំពីជម្រើសរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលជាក្រុមត្រួតពិនិត្យលើអនុគណៈកម្មាធិការទាំង២
សម្រេចយ៉ាម៉េច?ជម្រើសទីមួយបើយល់ព្រមតាមអនុគណៈកម្មាធិការក្រុមទី៣៦ត្រូវបដិសេធការចោទប្រកាន់ទាំងអស់
ដោយមិនបញ្ជូនសំណុំរឿងទៅតុលាការកំពូល នោះធ្វើឱ្យរបបដឹកនាំភូមិចៃថៃរស់រានមានជីវិតក្នុងរយៈពេលខ្លីបន្តទៀត
ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើស្ថាប័នដំណើរការបោះឆ្នោតកាន់តែអស់ជំនឿជាងមុនទៀត។
ជម្រើសទីពីរគឺត្រូវយល់ព្រមជាមួយអនុគណៈកម្មាធិការទី២៦ ហើយបញ្ជូនសំណុំរឿងទៅតុលាការកំពូលផ្នែកសំណុំរឿងបោះឆ្នោ
នេះគឺជាសុបិន្តអាក្រក់ពិតប្រាកដសម្រាប់របបដឹកនាំពណ៌ខៀវ ពីព្រោះតុលាការកំពូលមិនស្ថិតនៅក្រោមការចរចានយោបាយដូចនៅក្នុងសភាទេ
នៅពេលដែលសំណុំរឿងទៅដល់តុលាការ អំណាចក្នុងការស្វែងរកការពិតបន្ថែមស្ថិតនៅលើតុលាការ មិនមែនស្ថិតលើការធ្វើសេចក្តីថ្លែងការណ៏ប្រចាំថ្ងៃនោះទេ
នេះហើយជាមូលហេតុដែលតុលាការកំពូលបានក្លាយជាសុបិន្តអាក្រក់របស់អ្នកនយោបាយ។ កាលពីអតីតកាល
តុលាការកំពូលធ្លាប់កាត់ក្តីសំណុំរឿងអ្នកនយោបាយជាច្រើនមកហើយ មានសេចក្តីសម្រេចដកសិទ្ធិសមាជិកព្រឹទ្ធសភាមួយចំនួនចេញមិនអោយអោយធ្វើនយោបាយអស់មួយជីវិត
អ្នកខ្លះទាក់ទងនឹងលក្ខណៈសម្បត្តិ និងការគ្រប់គ្រងដីធ្លីខុសច្បាប់ ប្រវត្តិសាស្ត្រនេះធ្វើឱ្យអ្នកនយោបាយដឹងច្បាស់ ប្រសិនបើសំណុំរឿងទាំងមូលត្រូវបានបញ្ជូនទៅតុលាការកំពូល
ការខូចខាតមិនត្រឹមតែប៉ះពាល់ត្រឹមកម្រិតប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែនឹងរត់ឆ្ពោះទៅរកស្នូលនៃអំណាចរបស់គណបក្ស
មកដល់ចំណុចនេះការព្យាយាមនិយាយការពារបានចាប់ផ្តើមផ្លាស់ប្តូរពីការប្រើពាក្យថាមិនពាក់ព័ន្ធនឹងខ្លួនទៅជាការប្រើពាក្យថាសង្គមកំពុងវិនិច្ឆ័យខ្លួនដោយផ្អែកលើពាក្យចចាមអារ៉ាម
លោក ផារ៉ាដន ព្រីស្នាណាន់ថៈគុន ภราดร ปริศนา นันทกุล Paradorn Prisana Nantakul រដ្ឋមន្ត្រីខុទ្ទការិយាល័យនាយករដ្ឋមន្ត្រី
បានប្រៀបធៀបខ្លួនទៅនឹងអៃហ្វាក់ "Ai Fuk"
តួអង្គក្នុងខ្សែភាពយន្តបញ្ជាក់ថា Ai
Fuk គ្មានទោសទេ ប៉ុន្តែត្រូវបានវិនិច្ឆ័យទោសដោយភូមិទាំងមូលដោយផ្អែកលើពាក្យចចាមអារ៉ាម
ធ្វើអៃហ្វាក់មិនមានសិទ្ធិរស់នៅក្នុងសង្គម ការប្រៀបធៀបនេះស្តាប់ទៅគួរឱ្យសោកសៅណាស់ តែការពិតរឿងនេះខុសគ្នាដូចមេឃនិងដី
អៃហ្វាក់ជាមនុស្សធម្មតាដែលគ្មានអំណាចរដ្ឋ គ្មានការគ្រប់គ្រងថវិកាជាតិ មិនបានកាន់កាប់និងក្រសួង
ក៏គ្មានបណ្តាញនៅក្នុងព្រឹទ្ធសភា មិនមែនដឹកនាំគណបក្សដែលកំពុងគ្រប់គ្រងប្រទេសនាពេលបច្ចុប្បន្ននោះទេ
រឿងក្តីករណីឃុបឃិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាមិនមែនមានប្រភពមកពីការនិយាយគ្នានៅក្នុងទីផ្សារឡើយ
ប៉ុន្តែមកពីការស៊ើបអង្កេតជាមួយនឹងមានឯកសារច្បាស់លាស់ ទាំងការទាក់ទង និងកំណត់ត្រានៃទំនាក់ទំនងត្រូវបានរក្សាទុកនៅពេលដែលលោក យីងឈីប ប៉ាច់ឆានុន Yingcheep
Patchanon មកពីបណ្តាញ Internet ដើម្បីប្រជាជន ហៅiLawបានបង្ហាញឯកសារមួយចំនួននៃសំណុំរឿង រួមទាំងប្រវត្តិការហៅទូរស័ព្ទដែលភ្ជាប់ទៅមេដឹកនាំបក្ស ខាងពណ៌ខៀវឆ្លើយតបវិញថានឹងតស៊ូគ្នានៅក្នុងតុលាការហើយខ្លួនមានក្រុមអ្នកច្បាប់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការនឹងអ្នកដែលបញ្ចេញឯកសារ។
ការឆ្លើយតបនេះគឺជាការបង្ហាញរូបភាពកាន់តែច្បាស់ទៅវិញ
កាន់តែសួររឿងភស្តុតាង ពួកគេកាន់តែគេចវេសពីបញ្ហានេះ កាន់តែសួររឿងជាប់ពាក់ព័ន្ធ ពួកគេបែរជាប្រៀបធៀបខ្លួនទៅនឹងតួអង្គក្នុងខ្សែភាពយន្ត។
សង្គមមិនខ្លាចតុលាការកំពូលព្រោះតុលាការខាចនោះទេ ប៉ុន្តែខ្លាចប្រសិនបើសំណុំរឿងនេះមិនបានបញ្ជូនដល់តុលាការទេ
នោះប្រព័ន្ធស៊ើបអង្កេតនឹងក្លាយជាជម្រើស ចង់ជ្រើសរើសស៊ើបអង្កេតអ្នកណាតាមចិត្តចង។ ដូច្នេះទើបគណបក្សប្រជាជន
និងក្រុមសង្គមស៊ីវិលបានដាក់សម្ពាធលើគណៈកម្មការរៀបចំការបោះឆ្នោតឱ្យដាក់ស្នើសំណុំរឿងនេះទៅតុលាការកំពូលឱ្យបានឆាប់រហ័ស
ពីព្រោះប្រសិនបើពួកគេមិនធ្វើទេ ឯកសារជិត 90,000 ទំព័រនឹងត្រូវរក្សាទុកស្ងាត់ៗនៅក្នុងស្ថាប័ននីតិប្រតិបត្តិ
សាធារណជននឹងមិនបានថាឯកសារភស្តុតាងនោះមានទម្ងន់ប៉ុនណាឡើយ ចំណែកក្រុមពណ៌ខៀវមើលឃើញថាការបញ្ជូនសារនេះជាល្បិចកលក្នុងនយោបាយក្លែងខ្លួនជាច្បាប់
ហើយព្យាយាមបង្កើតរនាំងកំបាំងថ្មីមួយដែលតម្រូវឱ្យមានធាតុផ្សំ៣មុនពេលបញ្ជូនសំណុំរឿងទៅតុលាការកំពូល
ធាតុផ្សំនេះត្រូវបានរិះគន់ថាបានលើកកម្ពស់នៃស្តង់ដារនៃការបញ្ជូនសំណុំរឿងខ្ពស់ខុសប្រកតី
ដើម្បីជៀសវាងការបញ្ជូនសំណុំរឿងរបស់បុគ្គលមានអំណាច បើក្រឡេកមើលរចនាសម្ព័ន្ធអំណាចបច្ចុប្បន្ន
គឺច្បាស់ណាស់ថាហេតុអ្វីបានជាករណីនេះធ្វើអោយរង្គោះរង្គើប្រព័ន្ធទាំងមូល គណបក្សភូមចៃថៃមិនត្រឹមតែជាគណបក្សរួមក្នុងរដ្ឋាភិបាលនោះទេ
ប៉ុន្តែជាស្នូលនៃរដ្ឋាភិបាលបច្ចុប្បន្ន លោក អនុទីន ឆានវីរៈគុន កាន់តំណែងជានាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្ស ហើយព្រឹទ្ធសភា ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយគណបក្សនេះ
បានដើរតួនាទីជាប៉ុស្តិ៍ត្រួតពិនិត្យលើបញ្ហាជាច្រើន រួមទាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
និងការបោះឆ្នោតលើរចនាសម្ព័ន្ធអំណាច។ ប្រសិនបើតុលាការទទួលយកសំណុំរឿងនេះហើយបានសម្រេចថា
ការបោះឆ្នោតមិនយុត្តិធម៌នោះផលប៉ះពាល់មិនមែនបញ្ចប់ត្រឹមតែអាសនៈព្រឹទ្ធសភានោះទេ ប៉ុន្តែនឹងរីករាលដាលដល់ភាពស្របច្បាប់នៃប្រព័ន្ធទាំងមូលដែលពឹងផ្អែកលើព្រឹទ្ធសភានេះជាមូលដ្ឋានគ្រឹះ
នេះហើយជាពាក្យថា "សុបិន្តអាក្រក់"មានន័យពិតប្រាកដ។
របបដឹកនាំ "ពណ៌ខៀវ" មានជំនាញក្នុងការគ្រប់គ្រងមូលដ្ឋាន
ពូកែការចរចានៅក្នុងសភា និងពូកែសម្តែងថាខ្លួនត្រូវគេធ្វើបាប ប៉ុន្តែតុលាការកំពូលមិនមែនជាវេទិការជួបជុំអ្នកនយោបាយទេ
មិនមានពិន្ទុសំលេងគាំទ្រទេ ហើយក៏គ្មានសំលេងសមាជិកសភាមកគាំទ្រដែរ នៅពេលដែលសំណុំរឿងដល់ដំណាក់កាលនោះ
មានតែអង្គហេតុ សាក្សី និងបទប្បញ្ញត្តិច្បាប់ប៉ុណ្ណោះ ហើយពេលដែលសំលេងនៃការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខិតជិតមកដល់
នោះកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ភាគីម្ខាងប្រញាប់ប្រញាល់ជំរុញអោយបញ្ជូនសំណុំរឿងដើម្បីជំរះលើការសង្ស័យ
ក្នុងពេលដែលភាគីម្ខាងទៀតកំពុងបង្កើតលក្ខខណ្ឌដើម្បីទប់ស្កាត់ ព្រោះដឹងច្បាស់ថានៅពេលដែលសំណុំរឿងនេះចេញផុតពីដៃគណៈកម្មការរៀបចំការបោះឆ្នោត
ពួកគេនឹងបាត់បង់ការគ្រប់គ្រងភ្លាមចំពោះ អ្នកដែលនិយាយថានេះគ្រាន់តែជាសំណុំរឿងដែលពាក់ព័ន្ធនឹងបេក្ខជនព្រឹទ្ធសភាមួយចំនួនតូចដោយមានចេតនាអោយរឿងនេះតូចជាងមុន
តែសំណុំរឿងមិនមែនត្រឹមសមាជិព្រឹទ្ធសភាទេគឺបណ្តាញទាំងមូលដែលរួមបញ្ចូលសមាជិកព្រឹទ្ធសភា
រដ្ឋមន្ត្រី និងសមាជិកសភានិងគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សហើយការចេញមកបដិសេធមិនពាក់ព័ន្ធគឺជារឿងដែលគួរអោយអស់សំណើច
ជាពិសេសជាមួយនឹងស្ថានភាពបច្ចុប្បន្ន។រាល់ពេលដែលបែកធ្លាយព័ត៌មានថ្មីនៅក្នុងប្រវត្តិសាស្ត្រនយោបាយថៃ
នៅពេលដែលគណបក្សនយោបាយត្រូវបានចោទប្រកាន់ពីបទពុករលួយក្នុងការដណ្តើមអំណាច ការផ្តន្ទាទោសរួមមានការដកសិទ្ធិអោយចេញពីតំណែង
ឬរំលាយគណបក្ស នេះហើយជាមូលហេតុដែលតុលាការកំពូលត្រូវបានគេមើលឃើញថាជាសុបិន្តអាក្រក់ មិនមែនដោយសារតែតុលាការមានភាពលំអៀងខាងនយោបាយនោះទេ
ប៉ុន្តែដោយសារតែតុលាការកំពូលជាចំណុចខ្សោយបំផុតនៃអំណាចនយោបាយ។ ថ្ងៃនេះ របបដឹកនាំពណ៌ខៀវនៅកាន់អំណាច
នៅធ្វើសេចក្តីថ្លែងការណ៏រាល់ថ្ងៃ និងនៅប្រៀបធៀបខ្លួនទៅនឹងតួអង្គក្នុងខ្សែភាពយន្ត ប៉ុន្តែប្រសិនបើសំណុំរឿងឃុបឃិតគ្នាក្នុងការបោះឆ្នោតព្រឹទ្ធសភាត្រូវបានបញ្ជូនទៅតុលាការកំពូល
ខ្សែភាពយន្តនោះនឹងបញ្ចប់ ហើយសាលក្រមនឹងប្រកាស ដូច្នេះសំណួរមិនមែនសួរថាអ្នកណាដូចតួអង្គអៃហ្វាក់ខ្លាំងជាងគេនោះទេ
ប៉ុន្តែថាតើគណៈកម្មការបោះឆ្នោតហ៊ានបញ្ជូនសំណុំរឿងនេះនេះអោយតុលាការសម្រេចក្តីដែរឬទេ?
ហើយប្រសិនបើមិនបញ្ជូនទេ តើសង្គមនឹងទទួលយកការពន្យល់ទាំងឡាយនោះបានយូរប៉ុនណា? តុលាការកំពូលមិនមែនជាសត្រូវរបស់នរណាឡើយ
ប៉ុន្តែចំពោះរបបដឹកនាំដែលកាន់អំណាចពឹងផ្អែកលើភាពមិនស្អាតស្នំតុលាការកំពូលធ្វើអោយភាពមិនស្អាតស្នំនោះអស់សុពលភាព។
អត្ថបទនិងសំលេង ៖ សេនាមេឃ


