នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ
ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក យិន
សារ៉ាន់ អគ្គនាយករង អគ្គនាយដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺន
បំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី១០ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ។
ក្នុងសន្ទរកថាស្វាគមន៏របស់លោក
ឧត្តមសេនីយ៏ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩
បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ កងពលតូចដឹកជញ្ជូនលេខ៩៩
បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ
ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន
ដោយឈរលើស្មារតី យកចិត្តទុកដាក់ ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក
យិន សារ៉ាន់ជំនួសមុខឲ្យឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក
អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចាត់ទុកថា
វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី១០ ឆ្នាំ២០២៥
ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស
ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ
ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព
ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ
សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថភាព
សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក
និងមធ្យោបាយបំពាក់ផ្សេងៗ យល់ដឹងឲ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ចំណេះដឹង
និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព
និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព
ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី
នៃមាតុភូមិយើង ។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ
សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។
ឧត្តមសេនីយ៍ឯក យិន
សារ៉ាន់បានផ្តាំផ្ញើរដល់កម្មសិក្សាទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់
ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ
និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អសកសមជាកងយោធពលភូមិន្ទ
និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ
និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ៕