ឯកឧត្តម ស៊ុន
ចាន់ថុល អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ
រាជធានីភ្នំពេញ÷ ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦នេះ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ
បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល
បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ
និងជួបសន្ទនាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាសុខាភិបាល។
ឯកឧត្តមក៏បានស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ
ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព
និងមកទទួលសេវាពិនិត្យសុខភាពឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក សេង គន្ធ អភិបាល
នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធី
និងបានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋ
ជាពិសេសអ្នកជំងឺដែលបានមកទទួលការពិនិត្យ
និងពិគ្រោះជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ក្នុងសកម្មភាពជាក់ស្តែងដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ
លោកអភិបាលខណ្ឌមានជ័យ បានចុះជួយសម្របសម្រួល និងជួយនាំអ្នកជំងឺទៅកាន់ទីតាំងពិនិត្យ
ពិគ្រោះ និងទទួលសេវាពីក្រុមគ្រូពេទ្យ ដោយផ្ទាល់។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់
និងការចូលរួមយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំមូលដ្ឋាន
ក្នុងការធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាលដោយភាពងាយស្រួល និងទាន់ពេលវេលា។
កម្មវិធីពិនិត្យ ពិគ្រោះ
និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺជាសកម្មភាពមួយដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
តាមរយៈការផ្តល់សេវាពិនិត្យសុខភាព ពិគ្រោះជំងឺ និងព្យាបាលជំងឺដោយមិនគិតថ្លៃ
ព្រមទាំងជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព
និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យ។
សកម្មភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ
សេវាសុខាភិបាលដល់មូលដ្ឋាន និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ
គឺជាខ្លឹមសារសំខាន់ដែលបានបង្ហាញឡើងតាមរយៈកម្មវិធីនេះ។






















