ឥឡូវនេះ ប្រទេសចិនអាចផលិតម៉ាស៊ីន Immersion DUV ផ្ទាល់ខ្លួនបានហើយ ASML ធ្លាក់ចុះ 8% និង CXMT ផ្ទុះឡើង IPO 466% - សង្គ្រាមបន្ទះឈីបសកលថ្មីមួយចាប់ផ្តើម
ខណៈដែល Nvidia ឈរតែម្នាក់ឯង។
សហរដ្ឋអាមេរិកបានចំណាយពេល4ឆ្នាំសាងសង់ជញ្ជាំងឃាំងបច្ចេកវិទ្យាដើម្បីបន្ថយល្បឿនប្រទេសចិន
ប៉ុន្តែលទ្ធផលក្នុងសប្តាហ៍ដដែលនោះគឺ ប្រទេសចិនបានប្រមូលប្រាក់ទុនបាន 8.6 ពាន់លានដុល្លារពី IPO បន្ទះឈីបត្រឹមតែមួយថ្ងៃ ដោយប្រកាសថា ឥឡូវនេះខ្លួនអាចផលិតម៉ាស៊ីនផលិតបន្ទះឈីបដ៏សំខាន់បំផុតរបស់ខ្លួនដោយឯករាជ្យ
ដោយមិនពឹងផ្អែកលើអឺរ៉ុបទៀតឡើយ បណ្តាលឱ្យទីផ្សារភាគហ៊ុនបន្ទះឈីបលើពិភពលោកធ្លាក់ចុះរណូករណែលភ្លាមៗ
នេះមិនមែនជាសង្គ្រាមពាណិជ្ជកម្មដែលបានប្រយុទ្ធជាមួយពន្ធនាំចូលនោះទេ ប៉ុន្តែជាការប្រឈមមុខដាក់គ្នានៅចំណុចជ្រៅបំផុតនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃយុគសម័យឌីជីថល។
មុននឹងចូលទៅក្នុងប្រធានបទសំខាន់ ចង់ជំរាបជូនបន្តិចលើបន្ទះឈីប
ឬ semiconductor បន្ទះឈីបគឺជាបន្ទះស៊ីលីកុន
silicone sheetតូចមួយដែលមានចរន្តអេឡិចត្រូនិច electronic circuit ពេញនៅក្នុងនោះ ពួកវាជាបេះដូងនៃទូរស័ព្ទចល័ត រថយន្តអគ្គិសនី
ម៉ាស៊ីនមេ AI ប្រព័ន្ធធនាគារ និងអាវុធយោធា។ អ្នកណាដែលគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនេះ
គឺជាអ្នកគ្រប់គ្រងអនាគតនៃបច្ចេកវិទ្យាសកល។ ចាប់តាំងពីឆ្នាំ 2022 មក ទីក្រុងវ៉ាស៊ីនតោនបានអនុវត្តការគ្រប់គ្រងការនាំចេញ Export Control ជាបន្តបន្ទាប់លើការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន វិធានការទាំងនោះរួមមានការហាមឃាត់ការលក់បន្ទះឈីប
Nvidia លំដាប់ខ្ពស់ ការដាក់សម្ពាធលើក្រុមហ៊ុន ASML ដែលជាក្រុមហ៊ុនហូឡង់ ឲ្យបញ្ឈប់ការលក់ម៉ាស៊ីនផលិតបន្ទះឈីបទំនើបៗ
និងអូសទាញប្រទេសជប៉ុន និងហូឡង់ឱ្យចូលរួមក្នុងការបិទផ្លូវនេះដែរ។
ការភ្ញាក់ផ្អើលដំបូងដែលទីផ្សារទប់លែងបានគឺមកពី CXMT ឬ ChangXin Memory Technologies ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប DRAM មកពីទីក្រុងហ៊ើហ្វេយ 合肥 Héféi ខេត្ត អាន់ហ៊ុយ 安徽 Ānhuī ប្រទេសចិន។ DRAM ជាអក្សរកាត់ពាក្យ Dynamic Random
Access Memory ដែលជាបន្ទះឈីបប្រើសម្រាប់រក្សាទុកទិន្នន័យជាបណ្តោះអាសន្ន
ខណៈពេលដែលកុំព្យូទ័រកំពុងដំណើរការ រាល់ពេលដែលបើកកម្មវិធី ទិន្នន័យត្រូវបានផ្ទុកទៅក្នុង
DRAM ជាមុនសិន ដើម្បីឱ្យ CPU និង GPU អាចចូលប្រើវាបានយ៉ាងឆាប់រហ័ស ការងារ AI ជាពិសេសការដំណើរការម៉ូដែល AI ធំៗ តម្រូវឱ្យមាន DRAM យ៉ាងច្រើនសន្ធឹកសន្ធាប់។
នៅថ្ងៃជួញដូរដំបូងរបស់ខ្លួន ភាគហ៊ុន CXMT បានកើនឡើង 466% ដោយជំរុញឱ្យមូលធនទីផ្សាររបស់ខ្លួនកើនឡើងដល់ 3.3 លានលានយ័ន ឬប្រហែល 488 ពាន់លានដុល្លារអាមេរិក
ដែលវ៉ាដាច់ធនាគារ ICBC ដែលជាធនាគារធំជាងគេរបស់ប្រទេសចិន ហើយភ្លាមៗនោះបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនចិនភ្លាម។
488 ពាន់លានដុល្លារអាមេរិក គឺប្រហែលពាក់កណ្តាលនៃចំណែកទីផ្សាររបស់
Micron Technology ដែលជាដៃគូប្រកួតប្រជែងរបស់អាមេរិក ដែលបានគ្របដណ្ដប់ទីផ្សារ DRAM ពិភពលោកអស់រយៈពេលជាង 45 ឆ្នាំ ដែលCXMT ទើបតែត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ប៉ុណ្ណោះ មានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះ មានទំហំតូចជាងពាក់កណ្តាលនៃទំហំរបស់ Micron ប៉ុន្តែបានតាមទាន់យ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ CXMT កាន់កាប់ចំណែកទីផ្សារ DRAM ពិភពលោកចំនួន 7.67% ដែលកើនឡើងពីស្ទើរតែគ្មានកាលពី4ឬ5ឆ្នាំមុន ហើយប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី1នៃឆ្នាំ 2026 បានកើនឡើង 700% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ 50.8 ពាន់លានយន់ ឬប្រហែល 7.5 ពាន់លានដុល្លារអាមេរិក។
តួលេខទាំងនេះបង្ហាញថាតម្រូវការរបស់ប្រទេសចិនសម្រាប់បន្ទះឈីបអង្គចងចាំដែលដំណើរការដោយ
AI កំពុងកើនឡើងយ៉ាងខ្លាំង ហើយ CXMT កំពុងក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ទីផ្សារក្នុងស្រុក ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសកូរ៉េ
ឬសហរដ្ឋអាមេរិក។
ព័ត៌មានដែលបានធ្វើឱ្យទីផ្សារភាគហ៊ុនបន្ទះឈីបពិភពលោករង្គើមិនមែនរឿង
CXMT ទេ ប៉ុន្តែជា DUV Lithography ប្រទេសចិនអះអាងថាបានផលិតម៉ាស៊ីនផលិតបន្ទះឈីបដ៏សំខាន់បំផុតមួយនៅក្នុងស្រុក
ដោយមិនពឹងផ្អែកលើអឺរ៉ុប។ Lithography
គឺជាបេះដូងនៃការផលិតបន្ទះឈីប
ដោយប្រើពន្លឺដើម្បីគូរទម្រង់សៀគ្វីតូចៗលើបន្ទះស៊ីលីកុន រលកពន្លឺកាន់តែខ្លី សៀគ្វីកាន់តែលម្អិត
និងក្រាស់ មានន័យថាបន្ទះឈីបកាន់តែមានថាមពលខ្លាំងនៅក្នុងតំបន់ដូចគ្នា។ ម៉ាស៊ីនទំនើបបំផុតនៅលើពិភពលោកគឺម៉ាស៊ីន
EUV (Extreme Ultraviolet) ដែល ASML នៃប្រទេសហូឡង់គឺជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោកដែលផលិតវា ហើយសហរដ្ឋអាមេរិកបានហាមឃាត់ការលក់ម៉ាស៊ីន
EUV ទៅឱ្យប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ។
ការភ្ញាក់ផ្អើលទី3មកពីទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុន Samsung, SK Hynix និង TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបយក្សមកពីប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសចិន ពីមុន ពួកគេបានទទួលការលើកលែងពិសេសមួយដែលគេស្គាល់ថា Blanket Waiver ជាការលើកលែងពន្ធពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យនាំចូលឧបករណ៍បន្ទះឈីបអាមេរិកសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រចិន ទោះបីជាមាន Export Control ការគ្រប់គ្រងការនាំចេញក៏ដោយ។ប៉ុន្តែឥឡូវនេះ របាយការណ៍របស់ Wall Street Journal បង្ហាញថា លោក Jeffrey Kessler ប្រធានផ្នែកត្រួតពិនិត្យការនាំចេញនៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កំពុងរៀបចំលុបចោលការលើកលែងពិសេសទាំងនេះ ប្រសិនបើរឿងនេះកើតឡើង រោងចក្ររបស់ Samsung, SK Hynix និង TSMC នៅក្នុងប្រទេសចិននឹងលែងអាច Upgrade ឬទទួលបានសេវាកម្មជាមួយឧបករណ៍ពីអាមេរិកទៀតទេ។ នេះនឹងបង្ខំឱ្យខ្សែសង្វាក់ផលិតកម្មរបស់ចិនផុតកំណត់បន្តិចម្តងៗ និងមិនអាចប្រកួតប្រជែងបានក្នុងរយៈពេលវែង ព័ត៌មាននេះបានបណ្តាលឱ្យ SK Hynix ធ្លាក់ចុះ 14.65% និង Samsung ធ្លាក់ចុះ 13% នៅក្នុងទីផ្សារកូរ៉េខាងត្បូងកាលពីថ្ងៃទី 27-28 ខែកក្កដា ហើយ Nasdaq 100 ដែលជាសន្ទស្សន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេទាំង 100 នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ correction (correction គឺនៅពេលដែលសន្ទស្សន៍ធ្លាក់ចុះជាង 10% ពីកម្រិតកំពូលរបស់)។
ទីផ្សារកំពុងបង្ហាញសញ្ញាយ៉ាងច្បាស់ថានៅក្នុងសង្គ្រាមបន្ទះឈីបសកលនេះ
Nvidia គឺជាអ្នកទទួលផលធំបំផុត ហេតុផលសាមញ្ញគឺថា Nvidia
មិនប្រកួតប្រជែងដោយផ្ទាល់ជាមួយ
CXMT ទេ CXMT ផលិតបន្ទះឈីបអង្គចងចាំ DRAM តែ Nvidia ផលិត GPU ឬអង្គភាពដំណើរការក្រាហ្វិក ជាបន្ទះឈីបដែលដំណើរការភារកិច្ច AI ដោយផ្ទាល់ ក្រុមហ៊ុនទាំងពីរនេះស្ថិតនៅក្នុងទីផ្សារខុសគ្នាទាំងស្រុង។
បើនិយាយអោយងាយយល់គឺ CXMT ផលិតធុងទឹក ហើយ Nvidia ផលិតម៉ាស៊ីនបូមទឹក ទោះបីជាពួកគេស្ថិតនៅក្នុងប្រព័ន្ធដូចគ្នាក៏ដោយ
ក៏ពួកគេមិនប្រកួតប្រជែងដើម្បីអតិថិជនដែរ ហើយនៅពេលដែលប្រទេសចិនអភិវឌ្ឍ AI កាន់តែច្រើន ក៏ត្រូវការម៉ាស៊ីនបូមដែលមានថាមពលខ្លាំងជាងមុន ដូច្នេះតម្រូវការសម្រាប់
GPU របស់ Nvidia កំពុងកើនឡើងយ៉ាងខ្លាំង ទោះបីជាការលក់ដោយផ្ទាល់ទៅកាន់ប្រទេសចិនត្រូវបានដាក់កម្រិតក៏ដោយ
Export Control តែប្រទេសដទៃទៀតនៅជុំវិញពិភពលោកដែលមិនស្ថិតនៅក្រោមExport Control អាចបន្តទិញ Nvidia ដើម្បីដំណើរការ AI ដូចធម្មតា។
AMD, Intel និង Micron រងផលប៉ះពាល់ខ្លាំងជាងនេះទៅទៀត ពីព្រោះក្រុមហ៊ុនទាំង3នេះប្រកួតប្រជែងដោយផ្ទាល់នៅក្នុងទីផ្សារដែល
CXMT កំពុងវាយលុកចូល ហើយពួកគេក៏កំពុងរងសម្ពាធពីសហរដ្ឋអាមេរិកផងដែរ ដែលបង្ខំពួកគេឱ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន
ពួកគេកំពុងត្រូវបានកាត់ផ្តាច់ចេញពីភាគីទាំងពីរក្នុងពេលតែមួយ។
សម្រាប់ប្រទេសនៅក្នុងតំបន់នេះ ដែលត្រូវប្រុងប្រយ័ត្ន របាយការណ៍មួយដោយ
Eco-Business និងទីភ្នាក់ងារសន្តិសុខអាមេរិកបានបង្ហាញថា ក្រុមហ៊ុនមួយនៅទីក្រុងបាងកក ដែលមានទំនាក់ទំនងជាមួយគម្រោង
AI ជាតិរបស់ប្រទេសថៃ ត្រូវបានគេសង្ស័យថាអាចនឹងជួយផ្ទេរម៉ាស៊ីនមេដែលមានតម្លៃរាប់ពាន់លានដុល្លារដោយប្រើប្រាស់បន្ទះឈីប
Nvidia ទៅឱ្យក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុន Alibaba ផងដែរ។
ប្រសិនបើរឿងនេះត្រូវបានបង្ហាញឱ្យឃើញការពិត ប្រទេសថៃអាចប្រឈមនឹងហានិភ័យនៃការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងទម្រង់ជាទណ្ឌកម្មបន្ទាប់បន្សំ
Secondary Sanctions ដែលជាវិធានការដែលសហរដ្ឋអាមេរិកប្រើដើម្បីកាត់ផ្តាច់ប្រទេសទីបីពីការចូលប្រើបច្ចេកវិទ្យាអាមេរិក
ទោះបីជាប្រទេសនោះមិនមែនជាគោលដៅចម្បងក៏ដោយ ផលប៉ះពាល់គឺ ក្រុមហ៊ុន និងភ្នាក់ងារថៃមិនអាចទិញបន្ទះឈីប
Nvidia ឬប្រើប្រាស់សេវាកម្ម cloud AI របស់អាមេរិកបានទេ នេះប៉ះពាល់ដោយផ្ទាល់ទៅលើថ្លៃដើមនៃការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងប្រទេស។
នេះមិនត្រឹមតែប៉ះពាល់ដល់ប្រទេសថៃប៉ុណ្ណោះទេ ប្រទេសសិង្ហបុរី
និងម៉ាឡេស៊ីបានក្លាយជាច្រកទ្វារសម្រាប់ប្រទេសចិនក្នុងការនាំចូលម៉ាស៊ីនផលិតបន្ទះឈីបដែលសហរដ្ឋអាមេរិកបានហាមឃាត់ការលក់ដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ។
នៅឆ្នាំ 2025 ប្រទេសចិនត្រូវបានគេរំពឹងថានឹងនាំចូលឧបករណ៍បន្ទះឈីបដែលមានតម្លៃ 5.7 ពាន់លានដុល្លារពីប្រទេសសិង្ហបុរី និង 3.4 ពាន់លានដុល្លារពីប្រទេសម៉ាឡេស៊ី ដែលច្រើនជាងទ្វេដងនៃចំនួនទឹកប្រាក់ពីឆ្នាំមុន
ប្រទេសថៃខ្លួនឯងកំពុងព្យាយាមទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្ម semiconductor ប្រសិនបើត្រូវបានយល់ឃើញថាជាបណ្តាញសម្រាប់ការផ្ទេរបច្ចេកវិទ្យាហាមឃាត់ វិនិយោគិនបរទេសដែលចង់បង្កើតរោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសថៃនឹងមានការប្រុងប្រយ័ត្ន
ហើយមើលទៅកន្លែងផ្សេងជំនួសវិញ។
វាស្រដៀងគ្នាទៅនឹងរបៀបដែលប្រទេសចិនបានបង្កើតអ៊ីនធឺណិតផ្ទាល់ខ្លួនតាមរយៈ
Great Firewall ដោយបំបែកចេញពីអ៊ីនធឺណិតសកល ប៉ុន្តែលើកនេះវាកាន់តែជ្រៅទៅទៀត ដោយទៅកម្រិតhardware កម្រិតស្ថាបត្យកម្មបន្ទះឈីប
និងកម្រិតស្តង់ដារការតភ្ជាប់ វិនិយោគិន និងក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវធ្វើអាជីវកម្មជាមួយភាគីទាំងពីរនឹងឈឺជាងគេ
ពីព្រោះវាតម្រូវឱ្យមានការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធពីរឈុតសម្រាប់ពិភពលោកពីរដែលមិននិយាយគ្នា។
ចំពោះការចំណាយនាពេលអនាគត សង្គ្រាមនេះនឹងធ្វើឱ្យបន្ទះឈីបមានតម្លៃថ្លៃជាងសម្រាប់ភាគីទាំងអស់
ជំនួសឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានប្រសិទ្ធភាព supply chain និងចែករំលែកធនធាន ភាគីនីមួយៗត្រូវវិនិយោគលើសលប់ក្នុងការសាងសង់អ្វីៗគ្រប់យ៉ាងដោយខ្លួនឯងដោយមិនចែករំលែក
វាដូចជាទីក្រុងពីរនៅក្បែរគ្នាតែកំពុងសាងសង់រោងចក្រថាមពលផ្ទាល់ខ្លួន
ដោយមិនឱ្យការចែករំលែកថាមពលគ្នាប្រើ ធនធានត្រូវបានប្រើប្រាស់ទ្វេដងតែលទ្ធផលដូចគ្នា នៅពេលដែលតម្លៃបន្ទះឈីបកើនឡើង
ការចំណាយលើ AI ក៏កើនឡើង ទីបំផុតទំនិញ និងសេវាកម្មដែលអ្នកប្រើប្រាស់ប្រើប្រាស់ក៏នឹងកើនឡើងផងដែរ
ហើយនោះជាអថេរដែល Fed ធនាគារកណ្តាលសហរដ្ឋអាមេរិកត្រូវតែពិចារណានៅពេលគណនាអត្រាការប្រាក់ ពីព្រោះប្រសិនបើតម្លៃបច្ចេកវិទ្យាមិនថយចុះ
អតិផរណានឹងមិនធ្លាក់ចុះយ៉ាងងាយស្រួលនោះទេ។
មានសញ្ញាច្បាស់លាស់2ដែលត្រូវតាមដាននៅពេលអនាគត ទី1គឺរបាយការណ៍ប្រាក់ចំណូលនាពេលខាងមុខរបស់
Nvidia ប្រសិនបើតួលេខមានភាពវិជ្ជមាន ហើយ guidance នៅតែខ្ពស់បន្តបន្ទាប់នឹងបញ្ជាក់ថាទីផ្សារបានបកស្រាយយ៉ាងត្រឹមត្រូវថា
GPU គឺជាបន្ទះឈីបដែលមិនរងផលប៉ះពាល់ដោយ CXMT ហើយការអភិវឌ្ឍ AI បន្ថែមទៀតពីប្រទេសចិននឹងមានប្រយោជន៍សម្រាប់ Nvidia។ ប្រសិនបើguidance ចុះខ្សោយ រឿងរ៉ាវនឹងកាន់តែស្មុគស្មាញ។
ទី2 អាស្រ័យលើថាចំនួនម៉ាស៊ីន Immersion
DUV របស់ប្រទេសចិនពិតជាឈានដល់
5 គ្រឿងនៅចុងឆ្នាំនេះឬអត់ ប្រសិនបើពួកគេធ្វើ នោះផែនការ 20 គ្រឿងសម្រាប់ឆ្នាំ 2027 កាន់តែគួរឱ្យទុកចិត្ត ហើយនោះនឹងចាប់ផ្តើមធ្វើឱ្យខូចប្រាក់ចំណូលនាពេលអនាគតរបស់
ASML ដូចដែលទីផ្សារមានការព្រួយបារម្ភ។
អត្ថបទ ៖ សេនាមេឃ


