ឆ្លៀតពេលទំនេរបន្ទាប់ពីបានដឹកនាំការងារស្នូលយ៉ាងសកម្មក្នុងអង្គភាព, ស្ដែងចេញពីសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា
និងការចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ, ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ
កងពលតូចដឹកជញ្ជូនលេខ៩៩ និង លោកជំទាវ ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន រួមជាមួយនាយទាហាន
នាយទាហានរង និងពលទាហានទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូឆ្លង «សាលាទទួលភ្ញៀវ» ចំនួន ១ខ្នង (ទំហំ ទទឹង១៥ម៉ែត្រ x បណ្តោយ១៨ម៉ែត្រ)
ដែលបានកសាងរួចរាល់ជាស្ថាពរនៅក្នុងវត្តជ្រោះតូច បារមីភ្នំដំរីរមៀលពាក់បង្កង់
ស្ថិតនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែកក្កដា
ឆ្នាំ២០២៦នេះ។
នៅក្នុងឱកាសដ៏សិរីមង្គលនោះដែរ
ឧត្តមសេនីយ៍ទោ មេបញ្ជាការ និងលោកជំទាវ ព្រមទាំងក្រុមការងារកងពល
ក៏បានប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគជាសម្ភារៈបច្ច័យបូជា ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន
៧វត្ត រួមមាន៖ វត្តសម្ភស្សគិរីវណ្ណរាម, វត្តប្រាសាទត្មាតពង, វត្តត្រពាំងក្ទម្ព, វត្តត្រពាំងធំ, វត្តជ្រោះតូចបារមីភ្នំដំរីរមៀលពាក់បង្កង់, វត្តអង្គរកា និងវត្តផ្ចឹកជ្រំ
ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីទ្រទ្រង់ដល់ការសិក្សារៀនសូត្រ
និងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
សកម្មភាពប្រកបដោយមហាកុសលនេះ
មិនត្រឹមតែជាការបំពេញបុណ្យបារមីប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីស្មារតីដឹកនាំប្រកបដោយគុណធម៌
របស់ថ្នាក់ដឹកនាំកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលជានិច្ចកាលតែងតែតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង
«ពុទ្ធចក្រ និងអាណាចក្រ» និងនៅជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា៕




























