នៅព្រឹកថ្ងៃទី២៥ ខែឧសភា
ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩
បានដឹកនាំកងទ័ពគោរពទង់ជាតិ និងត្រួតពិនិត្យកម្លាំងប្រចាំសប្តាហ៍
ដោយបានដាក់បទបញ្ជាដាច់ខាតថា ត្រូវយល់ដឹងច្បាស់ពីតួនាទីជាខែលការពារជាតិមាតុភូមិ
ការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។
កម្លាំងទាំងអស់ត្រូវត្រៀម ២៤/២៤ ម៉ោង ធានាឱ្យបាននូវការត្រៀមកម្លាំង មធ្យោបាយ
និងសម្ភារៈដឹកជញ្ជូន ១០០% ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល
និងក្រសួងការពារជាតិ ត្រូវបម្រើប្រជាជនដោយស្មោះត្រង់ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន
ត្រូវតែរួមសុខរួមទុក្ខ និងត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ
មេបញ្ជាការ បានសង្កត់បន្ថែមថា មាតុភូមិពឹងផ្អែកលើកងទ័ព ប្រជាជនជឿជាក់លើកងទ័ព
ការការពារជាតិ និងបម្រើជាតិមាតុភូមិ
គឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់កងយោធពលខេមរភូមិន្ទ
ក្នុងនាមជាកងកម្លាំងកើតចេញពីប្រជាជន
កងទ័ពត្រូវតែអភិវឌ្ឍស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា
ប្តេជ្ញាស្មោះត្រង់ដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី
សន្តិភាពជាតិ ទោះបីជាត្រូវលះបង់សាច់ស្រស់ឈាមស្រស់ក៏ដោយ
និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍ សង្គ្រោះ
និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍៕

















