ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ
បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពទូទាំងកងពលត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តច្បាប់អនុក្រឹត្យស្តីពី
បទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទឲ្យបានប្រសើរបំផុត ដោយបានក្រើនរំលឹកបញ្ជាក់បន្ថែមថា
វិន័យ និងសីលធម៌ គឺជាខឿនការពារជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន
បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗមួយចំនួនឲ្យកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ
និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ព្រោះថា វិន័យ គឺជាខឿនការពារជាតិ កងទ័ពដែលគ្មានវិន័យប្រៀបបាននិងហ្វូងមនុស្សដែលទន់ជ្រាយ
រាល់បទបញ្ជារបស់ថ្នាក់លើ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងទាន់ពេលវេលា។លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា
ការត្រួតពិនិត្យវត្តមាន និងកម្លាំងទ័ព ត្រូវធ្វើឡើងជាប្រចាំ
មិនមែនធ្វើឡើងតាមតែនឹកឃើញនោះទេ ចំពោះអាវុធ និងគ្រឿងបំពាក់ ត្រូវតែថែរក្សា
និងត្រួតពិនិត្យជាប្រចាំ ហាមដាច់ខាតយកអាវុធទៅប្រើប្រាស់ខុសគោលដៅ
ឬបង្កអសន្តិសុខក្នុងសង្គម។ឧត្តមសេនីយ៍ទោ មេបញ្ជាការ
ក៏បានលើកឡើងអំពីស្ថានភាពប្រែប្រួលថ្មីៗនៅសមរភូមិមុខ បញ្ជាក់ទៅកាន់កងទ័ព
ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែក្នុងនាមយើងជាកងទ័ព
ដែលបម្រើការប្រយុទ្ធនៅសមរភូមិមុខ មិនត្រូវធ្វេសប្រហែសសូម្បីមួយវិនាទីឡើយ។
ត្រូវរក្សាស្មារតីម្ចាស់ការ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់បម្រើដល់ការប្រយុទ្ធ
អ្វីដែលសំខាន់ជាងនេះទៅទៀត នៅសមរភូមិមុខ ត្រូវចេះស្រឡាញ់គ្នា ជួយគ្នា
ការពារគ្នាទៅវិញទៅមក
សាមគ្គីភាពផ្ទៃក្នុងគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការយកឈ្នះសត្រូវ
ហើយក៏មិនត្រូវភ្លចេផងដែរ
ត្រូវតែយកចិត្តទុកដាក់លើការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលយើងឈរជើង
ដើម្បីពង្រឹងសម្ព័ន្ធភាពរវាងទ័ព និងប្រជាជនឲ្យកាន់តែរឹងមាំ។ចំណុចចុងក្រោយ លោកមេបញ្ជាការ បានក្រើនរំលឹកកងទ័ពទាំងអស់យ៉ាងម៉ឺងម៉ាត់ពាក់ព័ន្ធ
និងការបង្ការ ទប់ស្កាត់បទល្មើសតាមប្រព័ន្ធអនឡាញ (Online
Scams) ដោយសារតែបច្ចុប្បន្ន
បច្ចេកវិទ្យាដើរលឿនពេក ក៏បង្កប់គ្រោះថ្នាក់ដែលមើលមិនឃើញ។
ហាមដាច់ខាតការយកតួនាទីទៅប្រើប្រាស់ខុសច្បាប់ ហាមប្រើប្រាស់ឈ្មោះជាកងទ័ព សម្លៀកបំពាក់ឯកសណ្ឋាន
ឬអាវុធយុទ្ធភណ្ឌ ដើម្បីទៅកាងល្បែងស៊ីសង ការពារកន្លែងខុសច្បាប់
ឬប្រើហិង្សាដើម្បីទារបំណុលល្បែងឱ្យគេ
ទង្វើនេះគឺជាការបំផ្លាញកិត្តិយសកងទ័ពជាតិយ៉ាងធ្ងន់ធ្ងរ។ ហើយអ្វីដែលសំខាន់នោះ
ហាមដាច់ខាត ការលេងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ ឬការចាញ់បោកការវិនិយោគដែលសន្យាថានឹងចំណេញខុសពីធម្មតា។
ល្បែងអនឡាញមិនដែលធ្វើឱ្យនរណាម្នាក់មានបានឡើយ វាមានតែបំផ្លាញកិត្តិយសខ្លួនឯង
បំផ្លាញសេចក្តីសុខគ្រួសារ និងប៉ះពាល់ដល់វិន័យកងទ័ព ។ កាលណាអស់ប្រាក់ដោយសារល្បែង
មនុស្សងាយនឹងដាច់ចិត្តធ្វើរឿងខុសច្បាប់ដូចជា លួច ប្លន់ ឬបោកប្រាស់សាច់ញាតិ និងមិត្តភក្តិ
ក្នុងនាមជាកងទ័ព បងប្អូនត្រូវមានសេចក្តីថ្លៃថ្នូរ
មិនត្រូវឱ្យល្បែងអនឡាញមកបង្វិលក្បាលយើងឱ្យក្លាយជា "ឧក្រិដ្ឋជន" នោះឡើយ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន
ក៏បានបញ្ជាក់បន្ថែម មុននិងបញ្ចប់ថា មនសិការស្នេហាជាតិ
មិនមែនត្រឹមតែជាពាក្យសម្ដីនោះទេ គឺស្ដែងចេញតាមរយៈសកម្មភាព ការពារទឹកដីឱ្យខានតែបាន
និងការពារសេចក្តីសុខសាន្តរបស់ប្រជារាស្ត្រ ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងនាមជាយុទ្ធជនម្នាក់ បងប្អូនត្រូវមានភក្តីភាពដាច់ខាតចំពោះ ជាតិ សាសនា
ព្រះមហាក្សត្រ ។ ភាពស្មោះត្រង់គឺជាកិត្តិយសខ្ពស់បំផុតរបស់កងទ័ព
ដែលមិនអាចយកប្រាក់កាស ឬរបស់មានតម្លៃផ្សេងៗមកដោះដូរបានឡើយ៕