ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនអាជីវករផ្សារកួរស្រូវ
តាមរយៈលោក ហំ សំណាង ដែលជាប្រធានផ្សារ បានរួមគ្នាបរិច្ចាគបន្លែ
ផ្លែឈើសម្រាប់ជួយផ្គត់ផ្គង់តម្រូវការរបស់កងទ័ព ការចូលរួមចំណែកដើម្បីជាតិ
ក្នុងគ្រាដែលកងទ័ពកំពុងប្ដូរជីវិតប្រយុទ្ធយ៉ាងក្លាហាននៅសមរភូមិមុខ
ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ។
ទឹកចិត្តដ៏ស្មោះសរ របស់បងប្អូនអាជូវករ
ដែលបានរួមគ្នា បរិច្ចាគបន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់
សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់កងទ័ព
នេះមិនមែនត្រឹមតែជាការផ្ដល់ចំណីអាហារប៉ុណ្ណោះទេ តែជាការផ្តល់នូវកម្លាំងចិត្ត
និងក្តីសង្ឃឹម ដ៏ធំធេងទៅដល់វីរកងទ័ពទាំងអស់ដែលកំពុងឈរជើងក្នុងសមរភូមិ បានបង្ហាញថា
ប្រជាជន និងកងទ័ព គឺតែងតែនៅជាមួយគ្នាជានិច្ច គ្មានការបែងចែក ពួកគេមិនបានកាន់អាវុធប្រយុទ្ធនៅជួរមុខក៏ដោយ
ក៏ពួកគេនៅតែជាផ្នែកមួយដ៏សំខាន់នៃការការពារជាតិ។
ពីមុខទីបញ្ជាការកងពលខណៈទទួលបន្លែ
ផ្លែឈើពីបងប្អូនអាជីវករផ្សារកួរស្រូវ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា
ទឹកចិត្តរបស់បងប្អូនអាជីវករផ្សារនៅពេលនេះ គឺជាគំរូដ៏ល្អមួយនៃ ស្មារតីសាមគ្គីជាតិ
វាមិនមែនជាជំនួយដែលមានតម្លៃត្រឹមតែបន្លែផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែវាជា
តម្លៃនៃក្ដីស្រឡាញ់ជាតិ និងការរួបរួមគ្នា ដែលជាកត្តាកំណត់ជ័យជម្នះដ៏ពិតប្រាកដ។
វាបានបញ្ជាក់ជាថ្មីថា នៅពីក្រោយជោគជ័យ និងសុវត្ថិភាពជាតិ
គឺកើតចេញពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
ជាកម្លាំងចិត្តជួយលើកស្មារតីប្រយុទ្ធរបស់កងទ័ព ហើយតែងតែរំឭកយើងថា
កងទ័ពមិនដែលនៅឯកោឡើយ ពីព្រោះកងទ័ពយៀងមានខ្នងបង្អែករឹងមាំ
នោះគឺជាប្រជាពលរដ្ឋខ្មែរយៀង។
សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល
សូមបងប្អូនជឿជាក់លើកងទ័ពយើងនឹងខិតខំប្រយុទ្ធរហូតទទួលបានជ័យជម្នះ ដើម្បីសន្តិភាព
ដើម្បីសេចក្ដីសុខរបស់ប្រជាជាតិ៕










