(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម
បានណែនាំឱ្យសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាលើកត្តាចំនួនបី
យ៉ាងតិច មុនធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
និងវិជ្ជាជីវៈ ដែលទី១ គឺ ឧបនិស្ស័យ ឬដុងពីកំណើតរបស់ក្មួយៗម្នាក់ៗ ទី២ ក្ដីស្រមៃរៀងៗខ្លួន
និងទី៣ វិភាគអំពីតម្រូវការទីផ្សារការងារទៅថ្ងៃអនាគត។
ឯកឧត្ដម ហេង សួរ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ
ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីការិយាល័យអប់រំស្រុក
នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ថា
សម្រាប់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេស A និង B គួរតែសិក្សាលើមុខជំនាញ ដូចជា
ពេទ្យ, វិទ្យាសាស្រ្ដកុំព្យូទ័រ,
មេកាត្រូនិក, មេកានិករថយន្ត, វិភាគហិរញ្ញវត្ថុ, វិស្វកម្មសំណង់,
គីមីសាស្រ្ដ និងម្ហូបអាហារ ក៏ដូចជាគ្រូបង្រៀនជាដើម។
ចំណែកឯក្មួយៗប្រឡងជាប់និទ្ទេស
C ដល់ E អាចជ្រើសរើសយកជំនាញសិក្សា ដូចជា ច្បាប់, ទីផ្សារ, គ្រប់គ្រង និងជំនាញសេវាកម្ម
ជាពិសេសគឺជំនាញបដិសណ្ឋារកិច្ច។ រីឯក្មួយៗសិស្សានុសិស្សដែលមិនបានប្រឡងជាប់នៅឆ្នាំនេះគួរកុំទាន់អស់សង្ឈឹម
ដោយ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំឱ្យក្មួយៗអាចចូលរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ឬក៏អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET
1.5M) ដែលជាកម្មវិធីសិក្សាស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាន
ក្នុងនោះឯកឧត្ដមធានាផ្ដល់អាហារូបករណ៍ជូន។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី
ក៏បានលើកឡើងផងដែរថា បណ្ដាសាកលវិទ្យាល័យនានា និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
និងវិជ្ជាជីវៈ ត្រូវបានពង្រឹងគុណភាព និងត្រូវបានវិនិយោគលើសម្ភារៈបរិក្ខារដូចគ្នាដែរ។
ដូច្នេះ ក្មួយៗសិស្សានុសិស្ស អាចជ្រើសរើសរៀននៅសាលាមួយណាក៏បាន ដោយឯកឧត្ដមកត់សម្គាល់ថា
សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗ តែងតែមានឧត្ដមភាព
និងមុខជំនាញខ្លាំងរៀងៗខ្លួន។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន
ចាន់ដា ក៏បានរំលឹកដល់សិស្សានុសិស្សម្នាក់ៗក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា
នៅថ្នាក់ឧត្ដមសិក្សាតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ក្រុមគ្រួសារ។ ប៉ុន្តែប្រសិនបើមានសិស្សានុសិស្សណា
មិនចង់ចំណាយពេលលើការសិក្សារហូតដល់ ៤ឆ្នាំនោះ ដែលត្រូវចំណាយធនធានច្រើន ប្អូនៗអាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
និងបច្ចេកទេស (TVET 1.5M) បាន ដែលចំណាយពេលខ្លីត្រឹមតែ៤
ទៅ៦ខែ នោះសិក្ខាកាមអាចមានការងារធ្វើ ឬក៏អាចប្រកបមុខរបរដោយខ្លួនឯងបាន។
បើតាម ឯកឧត្ដមអភិបាល បានបញ្ជាក់ថា
គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ចាម មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
បានចុះឈ្មោះចូលរៀន TVET 1.5M ជាង ១ ០០០នាក់ និងបានចេញទៅធ្វើការ
និងប្រកបមុខរបរមួយចំនួនផងដែរ៕