ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក
និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានដឹកនាំសហការី ទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង
ដែលកំពុងហក់ឡើង បណ្ដាលឱ្យរងផលប៉ះពាល់ដំណាំស្រូវ និងលិចផ្លូវលំក្រាលគ្រួសក្រហម នៅឃុំដងកាំបិត
ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក លន់ យ៉េន មេឃុំដងកាំបិត
ស្រុកសណ្ដាន់ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង
បានបណ្ដាលឲ្យមានការលិចលង់ រងផលប៉ះពាល់ដំណាំស្រូវ ប្រមាណពី ៨ទៅ ១០ហិកតា នៅក្នុងឃុំទាំងមូល
បានលិចផ្លូវលំក្រាលគ្រួសក្រហម ប្រវែងប្រមាណ ១៥០ទៅ២០០ម៉ែត្រ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ
ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឲ្យបានជាប់ជាប្រចាំ និងត្រៀមមធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់
។ ជាមួយនោះដែរ ក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការហាមឃាត់នូវរថយន្តដឹកជញ្ជូនធន់ធ្ងន់
មិនឱ្យធ្វើការឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះឡើយ
ចៀសវាងការខូចខាត និងការគ្រោះថ្នាក់ដោយប្រការណាមួយ ដែលអាចកើតមានឡើងក្នុងពេលឆ្លងកាត់
។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំ
ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ ដោយមិនត្រូវធ្វេសប្រហែស ដែលបណ្ដាលឲ្យកូនចៅ រងគ្រោះថ្នាក់ដោយទឹកជំនន់នេះ
ជាមួយនោះដែល ត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ
សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត
ដោយរកផលប៉ះពាល់និងជំនន់ទឹកភ្លៀងនេះផងដែរ ។