ប្រព័ន្ធផ្សព្វផ្សាយបរទេសបានតាមដានយ៉ាងដិតដល់នូវការដោះលែងលោក
ថាក់ ស៊ីន'Thaksin' ដោយមានអ្នកគាំទ្រអាវក្រហមយ៉ាងច្រើនកុះករមកទទួលស្វាគមន៍
ការចាប់អារម្មណ៍កំពុងផ្តោតលើថាតើឥស្សរជនដ៏មានអំណាចរូបនេះនឹងចូលនិវត្តន៍ ឬវិលត្រឡប់មកធ្វើនយោបាយវិញ។
លោក Thaksin
Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ
ត្រូវបានដោះលែងមុនពេលកំណត់ពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ (ថ្ងៃទី 11 ខែឧសភា) ដែលបង្កឱ្យមានការសង្ស័យថាមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់នេះនឹងវិលត្រឡប់មកធ្វើនយោបាយវិញឫយ៉ាងណា?។
លោក Thaksin អាយុ 76 ឆ្នាំរូបនេះ បានជាប់ពន្ធនាគាររយៈពេល8ខែនៃទោសត្រូវជាប់1ឆ្នាំពីបទពុករលួយ
ហើយនឹងពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិកសម្រាប់រយៈពេលសាកល្បងរយៈពេល4ខែដែលនៅសល់របស់គាត់។
ទីភ្នាក់ងារសារព័ត៌មាន AFP បានថតរូបលោក Thaksin ដើរចេញពីពន្ធនាគារខ្លងប្រែម
Klong Prem ក្នុងទីក្រុងបាងកក
ដោយកាត់សក់ខ្លី និងអាវពណ៌ស។ លោកបានឱបសមាជិកគ្រួសារ រួមទាំងកូនស្រីពៅរបស់លោក គឺ ភែថងថាន Paetongtarn
Shinawatra ដែលត្រូវបានតុលាការដកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហា
ឆ្នាំមុន 10 ថ្ងៃមុនពេលលោកជាប់ពន្ធនាគារ។
អ្នកគាំទ្ររាប់រយនាក់ដែលស្លៀកអាវក្រហម ដែលជានិមិត្តរូបនៃគណបក្សភឿថៃ
បានប្រមូលផ្តុំគ្នា ដោយអ្នកខ្លះស្រែកថា "យើងស្រឡាញ់ Thaksin"។
នៅពេលសួរថាលោកមានអារម្មណ៍យ៉ាងណា... លោក Thaksin បានលើកដៃឡើងលើក្បាល
ហើយនិយាយថាលោកមានអារម្មណ៍ "ធូរស្រាល"។
«ខ្ញុំនឹងទៅកាន់សីល
ខ្ញុំមិនចាំអ្វីទាំងអស់ឥឡូវនេះ» គាត់និយាយ។
អ្នកគាំទ្រអាយុ 70 ឆ្នាំម្នាក់
ដែលបានសុំឈប់សម្រាកមួយថ្ងៃពីការងារចុងភៅនៅភោជនីយដ្ឋានរបស់គាត់ ដើម្បីស្វាគមន៍អតីតនាយករដ្ឋមន្ត្រី
បាននិយាយថា «លោក ថាក់ស៊ីន ប្រហែលនឹងមិនបង្ហាញខ្លួនរយៈពេលពីរបីខែ ប៉ុន្តែគាត់នឹងមិនចាកចេញពីឆាកនយោបាយទេ»។
អ្នកវិភាគនិយាយថា លោក ថាក់ស៊ីន ដែលកំពុងស្ថិតក្រោមការតាមដានការប្រព្រឹត្តខ្លួនរហូតដល់ខែកញ្ញា
ហើយនៅតែមានសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀតដែលកំពុងរង់ចាំការកាត់ក្តី ដែលអាចធ្វើឱ្យគាត់ស្ទាក់ស្ទើរក្នុងការប្រមូលផ្តុំអ្នកគាំទ្ររបស់គាត់
ព្រោះប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត។
«ខ្ញុំបានរក្សាភាពស្ងប់ស្ងាត់អស់រយៈពេល8ខែមកហើយ» លោក ថាក់ស៊ីន
បានប្រាប់អ្នកយកព័ត៌មានតាមបង្អួចខាងក្រោយរថយន្តរបស់គាត់ដែលចតនៅមុខផ្ទះរបស់គាត់នៅទីក្រុងបាងកក
ដោយបន្ថែមថាគាត់មានអារម្មណ៍ «ធូរស្រាល» បន្ទាប់ពីគាត់ត្រូវបានដោះលែង។
ក្រុមអ្នកយោបាយរបស់លោក ថាក់ស៊ីន គឺជាគូប្រជែងដ៏សំខាន់មួយចំពោះឥស្សរជន
ដែលបានគាំទ្រស្ថាប័នសំខាន់ៗជាពិសេសយោធារបស់ប្រទេសថៃអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលមើលឃើញរូបភាពប្រជានិយមរបស់លោក
ថាក់ស៊ីន ជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់សង្គមតាំងពីដើមមក។
គណបក្សភឿថៃរបស់លោក និងគណបក្សមុនៗរបស់ខ្លួន គឺជាគណបក្សនយោបាយដែលទទួលបានជោគជ័យបំផុតរបស់ប្រទេសនៅសតវត្សរ៍ទី
21 ដោយគ្រួសារស៊ីណាវ៉ាត្របានបង្កើតនាយករដ្ឋមន្ត្រីចំនួន4រូប និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីជនបទ។
គណបក្សភឿថៃបានរងនូវលទ្ធផលបោះឆ្នោតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកាលពីខែកុម្ភៈ
ដោយក្លាយជាគណបក្សលំដាប់ទី3 ទើបបង្កើតជាសំណួរអំពីអនាគតនយោបាយរបស់របបថាក់ស៊ីន។
ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់គណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយម
អនុធីន ឆានវីរៈគុន បានបើកទ្វារឱ្យមានការវិលត្រឡប់មកវិញខាងនយោបាយដ៏មានសក្តានុពលឡើងវិញ។
សម្រាប់អ្នកគាំទ្រដ៏ស្មោះត្រង់បំផុតរបស់ខ្លួន
ការដោះលែងលោកថាក់ស៊ីន «នឹងពង្រឹងគណបក្សភឿថៃរឹងមាំឡើងវិញក្នុងរយៈពេលខ្លី ពីព្រោះប្រជាជននឹងមានអារម្មណ៍ថាម្ចាស់គណបក្សភឿថៃបានវិលត្រឡប់មកវិញហើយ» សាស្ត្រាចារ្យរង
លោកវេជ្ជបណ្ឌិត វ៉ាន់វិជិត ប៊ុនព្រួង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរ៉ាងស៊ីត
បានប្រាប់ AFP។
ប៉ុន្តែ «សត្រូវចាស់របស់លោកថាក់ស៊ីន គឺអ្នកអភិរក្សនិយម» នឹងរួបរួមគ្នាដើម្បីគាំទ្រអនុធីន
ដែល «មានអ្វីមួយដែលថាក់ស៊ីនមិនមាន៖ គឺការជឿទុកចិត្តពីឥស្សរជនជាន់ខ្ពស់» លោកវេជ្ជបណ្ឌិត
វ៉ាន់វិជិត បានបន្ថែម។
គូប្រជែងរបស់លោកថាក់ស៊ីន «នឹងរួបរួមគ្នា
ហើយតាមដានសកម្មភាពបន្តបន្ទាប់របស់លោកថាក់ស៊ីន ថាតើគាត់នឹងដកខ្លួនចេញពីនយោបាយឬអត់»។
លោកបណ្ឌិត ធីទិភុន ផាក់ឌីវ៉ានិត អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យឧប៊ុនរ៉ាចាថានី
បានប្រាប់រ៉យទ័រថា... ការដោះលែងលោកថាក់ស៊ីនអាចជួយអោយរស់ឡើងវិញនូវគណបក្សភឿថៃ ដែលធ្លាប់កាន់អំណាចយ៉ាងសំខាន់ពីមុនមក។
លោកសាស្ត្រាចារ្យ បានបន្ថែមថា «ប៉ុន្តែគាត់ត្រូវតែប្រុងប្រយ័ត្ន» «គាត់បានធ្វើហួសព្រំដែនរបស់គាត់រួចហើយ
វានឹងប្រសើរជាងប្រសិនបើគាត់នៅពីក្រោយឆាក ប៉ុន្តែមានការសង្ស័យថាតើគាត់អាចរក្សាការនៅពីក្រោយឆាករបស់គាត់បានរយៈពេលប៉ុន្មាន
ដោយពិចារណាលើបុគ្គលិកលក្ខណៈរបស់គាត់»។
ប្រភព៖ រ៉យទ័រ, AFP